ភ្នំពេញ៖ ស្ត្រីម្នាក់បានដេកសន្លប់ សង្ស័យជាករណីដាក់ថ្នាំសណ្តំដើម្បីយកវត្ថុមានតម្លៃ រួមទាំងគាត់ដាច់បាយមួយថ្ងៃផងដែរ។
ហេតុការណ៍នេះបង្កភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៤និង ៣០ នាទីរសៀល ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ស្ថិតតាមបណ្ដោយផ្លូវលេខ ១០៩ ក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថាមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងមិនចាំម៉ាកនិងស្លាកលេខ រួចរថយន្តក៏បានឈប់នៅកន្លែងកើតហេតុ បន្ទាប់មកក៏ស្រាប់តែប្រទះឃើញនៅអ្នកមីងម្នាក់ដេកសន្លប់ ហើយរថយន្តក៏បានចាកចេញពីកន្លែងកើតហេតុបាត់ស្រមោល ពេលនោះក៏បង្កភាពភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងកម្លាំងសមត្ថកិច្ចទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ដើម្បីយកទៅសង្រ្គោះ។
ពេលដែលអ្នកមីងដឹងខ្លួននៅលើរថយន្តសាមុយរបស់មន្ទីរពេទ្យកាល់ម៉ែតគាត់ក៏បានស្រែករករូបថតរបស់ឪពុកម្ដាយគាត់និងវត្ថុមានតម្លៃរបស់គាត់ប៉ុន្តែវត្ថុទាំងនោះគឺមិននៅទីតាំងកន្លែងកើតហេតុនោះទេ ហេតុនេះហើយទើបគេសង្ស័យថាអ្នកមីងត្រូវបានគេដាក់ថ្នាំដើម្បីយកវត្ថុមានតម្លៃ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចក៏បានឲ្យមន្ទីរការងារទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ដើម្បីយកអ្នកមីងទៅព្យាបាលនៅពេទ្យកាល់ម៉ែតភ្លាមៗ៕ដោយ៖ រ៉ារ៉ា