ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់បានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋលួចយកលុយបានជាង៣.០០០ដុល្លាររួចហើយគេចខ្លួនបាន១ថ្ងៃទើបសមត្ថកិច្ចនគរបាលខណ្ឌសែនសុខស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នៅតាមផ្លូវបេតុង ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ជនសង្ស័យមានឈ្មោះ វ៉ាន់ ភារៈ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះឈួន រតនា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរមន្ត្រីរាជការ ស្នាក់នៅផ្ទះលេខ១ ផ្លូវបេតុងលេខ១ ភូមិក្រាំងអង្គ្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា៖ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៣និង០០នាទីជនរងគ្រោះឈ្មោះឈួន រតនា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរមន្ត្រីរាជការបានបិទទ្វារផ្ទះចាក់សោត្រឹមត្រូវហើយក៏ចេញដំណើរទៅធ្វើបុណ្យនៅស្រុកពញាឮ ខេត្តកណ្តាល ។ ក្រោយមកក៏មានក្រុមជនសង្ស័យបានធ្វើសកម្មភាពគាស់ផ្ទះរបស់ជនរងគ្រោះខាងលើ តែត្រូវបានប្រជាពលរដ្ឋនៅជិតខាងឃើញក៏ស្រែកឆោឡោឡើងពេលនោះជនសង្ស័យបានរត់គេចខ្លួន។ ក្រោយមកទៀតអ្នកជិតខាងបានទូរស័ព្ទប្រាប់ឲ្យម្ចាស់ផ្ទះត្រឡប់មកវិញហើយក៏បានទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ក្រាំងធ្នង់។
ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះហើយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើតែម្តង(ដែលជាអ្នកសមគំនិត)។
សម្ភារបាត់បង់មានដូចជាប្រាក់ដុល្លារចំនួន៣.០០០ដុល្លារ លុយខ្មែរចំនួន៤០មុឺនរៀល កាតចាក់សាំង(សរុប១,០០០លីត្រជាច្រើនសន្លឹក) ។
បច្ចុប្បន្នជនសង្ស័យរួមនឹងម៉ូតូដែលជាមធ្យោបាយកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ចន្ទ លីហ្សា