សមាជិកក្រុមភេរវកម្មអ៊ិស្លាមIS បានបើកការវាយប្រហារគ្រាប់បែកអត្តឃាត និងបាញ់ប្រហារនៅក្នុងមហាវិទ្យាល័យ កាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន បណ្តាលឲ្យមនុស្ស ២២នាក់ស្លាប់។
សារព័ត៌មាន Channel News Asia បានផ្សាយថា ក្រុមភេរវកម្ម IS បានបើកការវាយប្រហារនៅថ្ងៃទី ២ ខែវិច្ឆិកា នៅក្នុងមហាវិទ្យាល័យកាប៊ុល ។ការវាយប្រហារនោះបានធ្វើឡើងនៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២ ខែវិច្ឆិកា។ ក្រសួងសុខាភិបាលអាហ្វហ្គានីស្ថានបានឲ្យដឹងថា មានអ្នកស្លាប់២២នាក់ និង២២នាក់ផ្សេងទៀតរងរបួស សុទ្ធតែជានិស្សិត ។ កម្លាំងទាហានអាហ្វហ្គានីស្ថានបានចំណាយពេលជាច្រើនដើម្បីបោសសម្អាតទីតាំងរងការវាយប្រហារ ។
ក្រុមភេរវកម្ម IS បានចេញមុខទទួលស្គាល់ថាជាសកម្មភាពវាយប្រហាររបស់ខ្លួនទៅលើមហាវិទ្យាល័យខាងលើ។ មកទល់ពេលនេះមិនទាន់មានព័ត៌មានពីអាវុធដែលក្រុមភេរវកម្មប្រើប្រាស់នៅឡើយ។
និស្សិតម្នាក់ឈ្មោះ Fraidoon Ahmadi បានឲ្យដឹងថា ស្នូរកាំភ្លើង បានផ្ទុះនៅក្នុងថ្នាក់រៀន ហើយនិស្សិតទាំងអស់បាននាំគ្នារត់រកកន្លែងលាក់ខ្លួន ចំណែកនិស្សិតផ្សេងទៀតត្រូវក្រុមខ្មាន់កាំភ្លើង ចាប់បង្ខំជាង២ម៉ោង៕ដោយ៖ធី រីណា