ភ្នំពេញ៖ តំណាងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទឹកដីខណ្ឌកំបូល បានស្នើសុំដល់អាជ្ញាធរមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធទាំងអស់ជួយពន្លឿនការជួសជុលឡើងវិញ និងការស្ថាបនាថ្មីនូវ ផ្លូវ លូតូចធំ ជាច្រើននៅតាមមូលដ្ឋាន ដែលរងការខូចខាតក្រោយគ្រោះទឹកជំនន់កាលពីពេលកន្លងទៅថ្មីៗនេះ។
កំបូលជាខណ្ឌដែលទើបតែបង្កើតឡើង កាលពីពេលថ្មីៗកន្លងទៅនេះ រាល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើននៅមិនទាន់បានល្អប្រសើរដូចបណ្តាខណ្ឌនៅកណ្តាល រាជធានីនៅឡើយទេ មានផ្លូវ តូចធំមួយចំនួនជាផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង និងផ្លូវជាច្រើនខ្សែទៀតនៅជាផ្លូវដី(ផ្លូវលំ) នៅឡើយ។ ប៉ុន្តែនៅក្រោយគ្រោះទឹកជំនន់លិចលង់កាលពីពេលកន្លងទៅនេះ បានបង្កឱ្យហេដ្ឋារចនាសម្ព័ន្ធជាច្រើនរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ជាហេតុធ្វើឱ្យការធ្វើដំណើររបស់ប្រជពលរដ្ឋ សិស្សានុសិស្ស កម្មករ កម្មការិនីជួបការលំបាកជាខ្លាំង។
លើកឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ តំណាងប្រជាពលរដ្ឋចំនួន១៧នាក់បានលើកឡើងនូវសំណើមករដ្ឋបាលខណ្ឌ រដ្ឋបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀតនូវបញ្ហាជាង៣០ដែលកំពុងប្រឈម ក្នុងនោះភាគច្រើនបានស្នើឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ជួយពន្លឿនលើការជួសជុលផ្លូវដែលរងការខូចខាត ការស្ថាបនាផ្លូវថ្មី ដើម្បីបំពេញតម្រូវការ ការដាក់លូតូចធំ ដើម្បីរំដោះទឹកចេញពីមូលដ្ឋាន បញ្ហាសំរាមនិងបញ្ហាដែលបង្កឡើងដោយរថយន្តទឹកដីជាដើម ដែលជាកង្វល់និងជាបញ្ហាប្រឈមនៅចំពោះមុខ។
ចំពោះកង្វល់ក៏ដូចជាសំណើរបស់ប្រជាពលរដ្ឋ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ក៏បានដោះស្រាយជូនជាបន្ទាន់នូវបញ្ហាមួយចំនួនចំពោះមុខដែលជាលទ្ធភាពរបស់អាជ្ញាធរខណ្ឌអាចធ្វើទៅបាន តែក៏នៅមានបញ្ហាមួយចំនួន ដែលត្រូវរង់ចាំដោះស្រាយជាបណ្តើរៗ និងមានបញ្ហាធំៗជាច្រើនទៀតត្រូវធ្វើការស្នើសុំបន្តទៅថ្នាក់រាជធានី ដើម្បីពិនិត្យនិងស្វែងរកលទ្ធភាពដោះស្រាយជូនប្រជាពលរដ្ឋ។
លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានសម្តែងនូវការស្វាគមន៍ចំពោះសំណើ និងកង្វល់ទាំងឡាយរបស់ប្រជាពលរដ្ឋក្នុងមូល ដ្ឋានខណ្ឌកំបូល ព្រមទាំងទទួលយកនូវបញ្ហាទាំងនោះទៅជម្រាបជូនអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងដោះស្រាយជូនជាបន្តបន្ទាប់។
លោក ប៉ា សុជាតិវង្ស បានស្នើឲ្យប្រជាពលរដ្ឋមិនថាវេទិកាពេលនេះឬពេលក្រោយទេត្រូវចូលរួមបញ្ចេញយោបល់លើកសំណើ សំណួរនិងសំណូមពរឱ្យបានផុលផុស ទោះបីយោបល់នោះមានលក្ខណៈបែបណាក្តី គឺប្រជាពលរដ្ឋមិនខុសទេ។ គ្មានអ្វីប្រសើរជាងការជជែកគ្នានិងទទួលបានដំណឹង រវាងប្រជាពលរដ្ឋនិឹងអាជ្ញាធរគ្រប់ជាន់ថ្នាក់បានដឹងឮនោះទេ។
លោកបានបញ្ជាក់ថា វេទិកានេះគឺមានបំណងឲ្យប្រជាពលរដ្ឋបញ្ចេញយោបល់ ដើម្បីឲ្យអាជ្ញាធរបានដឹងនិងដោះស្រាយជូនប្រកបដោយតម្លាភាពនិងគណនេយ្យភាព។ ព្រោះការដឹកនាំបានល្អនិងជោគជ័យគឺអាស្រ័យដោយការទទួលបានព័ត៌មានច្រើន និងត្រឹមត្រូវច្បាស់លាស់ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋ។ ការគ្រប់គ្រងណាក៏ដោយ បើដើរឆ្ងាយពីប្រជាពលរដ្ឋ គឺយើងអស់តម្លៃហើយ សុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺជាការគិតគូររកដំណោះ ស្រាយរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ៕ សំរិត