ភ្នំពេញ៖ បើយោងតាមការបញ្ជាក់របស់ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានបញ្ជាក់ថាបច្ចុប្បន្ននេះប្រទេសកម្ពុជា មានរថយន្ត និងម៉ូតូចំនួន ៥.៨ លានគ្រឿងដែលកំពុងចរាចរណ៍នៅក្នុងប្រទេស។ ការលើកឡើងបែបនេះរបស់លោកទេសរដ្ឋមន្រ្តី នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តមួយ កាលពីថ្ងៃទី០៥ ខែវិច្ឆិកាឆ្នាំ២០២០ថ្មីៗនេះ។
ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងនៅក្នុងឱកាសនោះថា ដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល បាននាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសកម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់ ៧% ក្នុងរយៈពេលប្រមាណ២ទសវត្សរ៍។
បន្ថែមពីនេះ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល កត្តាទាំងនេះ គឺជាចលករធ្វើឱ្យចំនួនយានយន្តមានការកើនឡើងយ៉ាងគំហុក ហើយមកដល់ពេលនេះកម្ពុជាមានរថយន្ត និងម៉ូតូមានចំនួន ៥,៨លាន គ្រឿង ដោយក្នុងនោះ ជាង៩សែន គ្រឿងជារថយន្ត ដែលកំពុងធ្វើចរាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ដោយ៖ស តារា