ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាណោចអាធ័មនិងម្នាក់ទៀតរត់គេចទាន់ បន្ទាប់ពីនាំគ្នាដើរឆ្លងផ្លូវត្រូវរថយន្តស៊េរីទំនើបLEXUS LX570 បេីកបុកកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចមុខការិយាល័យលក់អចលនទ្រព្យលីងណានហ្គាជិន ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
សពជនរងគ្រោះមានឈ្មោះ រុំ រុណ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរថែសួន ស្នាក់នៅជិតក្រុមហ៊ុនរថយន្តមែរសឺដែស ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
បេីតាមសម្ដីមិត្តភក្តិជនរងគ្រោះដែលដើររួមគ្នាបានឲ្យដឹងថា មុនពេលកើតហេតុខណៈគាត់កំពុងតែដើរឆ្លងផ្លូវសុខៗស្រាប់តែមានរថយន្តឡិចស៊ីស LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BB-1339 បើកបរនិងមានអ្នករួមដំណេីរជាជនជាតិចិន៣នាក់ ក្នុងទិសដៅពីត្បូងទៅជើងដោយប្រើល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលមកបុកបុរសម្នាក់ជាមិត្តភក្តិគាត់ដែលដេីរពីមុខពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ ចំណែករូបគាត់ដឹងខ្លួនរត់គេចចេញទាន់ ។
ក្រោយកេីតហេតុភ្លាមៗ ជនជាតិចិនទាំងបីនាក់ខាងភាគីរថយន្តបង្កហេតុខាងលេីបានឡើងជិះរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់ទៅ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកន្លែងកើតហេតុ ហេីយបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុករង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមច្បាប់។ ចំណែកសពជនរងគ្រោះក្រោយពីធ្វើកំណត់ហេតុរួចក៏ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ភារ៉ាដង្កោ