ព័ត៌មានទាន់ហេតុការណ៍៖

បុរសរត់ម៉ូតូឌុបម្នាក់ មិនត្រឹមមិនយកម៉ាស់ ពីអាជ្ញាធរចែកជូនប៉ុណ្ណោះទេ ថែមទាំងយកបោះចោល

ចែករំលែក៖

ភ្នំពេញ៖ សម័យនេះប្រជាពលរដ្ឋនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស មានការប្រុងប្រយ័ត្នខ្ពស់ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការនានា របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងជំងឺ covid-19។ ក្នុងនោះរាជរដ្ឋាភិបាល បានបញ្ចេញម៉ាស់រាប់លាន ដើម្បីឲ្យអាជ្ញាធររាជធានី-ខេត្ត ចែកជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ទីសាធារណៈ ដោយឥតគិតថ្លៃ ដើម្បីពាក់ការពារជំងឺកូវីដ-១៩។ ផ្ទុយទៅវិញ ជាមានបុរសម្នាក់ រត់ម៉ូតូឌុប អាជ្ញាធរខណ្ឌសែនសុខ ខំផ្ដល់ម៉ាស់ជូន បែរជាគាត់យកទៅបោះចោល បង្ហាញនូវកាយវិការមិនសមរម្យ ជាពលរដ្ឋម្នាក់ល្អក្នុងសង្គមនោះឡើយ។
ជាក់ស្ដែងរដ្ឋបាលខណ្ឌសែនសុខ សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ៖ កាលពីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខណ្ឌ បានពិនិត្យឃើញថាមានការបង្ហោះ និងចែករំលែកលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នូវខ្លឹមសារវីដេអូដែលមានបុរសម្នាក់ បានបោះចោលមិនទទួលយកម៉ាស់ពីក្រុមការងាររបស់សង្កាត់ភ្នំពេញថ្មី ដែលចុះផ្សព្វផ្សាយ និងចែកម៉ាស់ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី។

ក្រោយពីទទួលបានព័ត៌មានខាងលើ រដ្ឋបាលខណ្ឌបានចាត់វិធានការស្វែងរកបុរសនៅក្នុងវីដេអូដើម្បីអញ្ជើញមកធ្វើការអប់រំ ។ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខណ្ឌ បានអញ្ជើញបុរសខាងលើ មានឈ្មោះ រនី សាគី អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិច្រាំងចំរេះទី ៨ សង្កាត់ច្រាំងចំរេះ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មកធ្វើការអប់រំណែនាំអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ។

លោក រនី សាគី បានទទួលស្គាល់នូវកំហុសរបស់ខ្លួន ធ្វើការសុំទោសជាសាធារណៈ សន្យាមិនឲ្យមានកំហុសនេះកើតឡើងជាថ្មីទៀតនោះទេ និងចូលរួមអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន ។

ជាមួយគ្នានេះដែរ រដ្ឋបាលខណ្ឌ សូមធ្វើការអំពាវនាវដល់សាធារណជនបន្តអនុវត្តអោយបានម៉ត់ចត់ នូវវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស់ រក្សាគម្លាត ១,៥ ម៉ែត្រ និងលាងដៃដោយអាល់កុល ឬជែលសម្លាប់មេរោគ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

ដោយ៖ សិលា


ចែករំលែក៖