ព័ត៌មានទាន់ហេតុការណ៍៖

បើកឡាំប្រឺតាវ៉ាក់អើនិងម៉ូតូបើកបញ្ច្រាសផ្លូវចាប់ហ្វ្រាំងក្រឡាប់សង្កត់លើម៉ូតូជាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូបញ្ច្រាសផ្លូវចរាចរណ៍ត្រូវបានបុរសម្នាក់បើកឡាំប្រឺតាមួយគ្រឿងវាក់អើចាប់ហ្វ្រាំងបង្ខំក្រឡាប់សង្កត់លើម៉ូតូ សំណាងមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨និង៤០នាទីយប់ថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០២០ នៅចំណុចមុខសាលាបឋមសិក្សា ពោធិ៍ចិនតុង តាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសវ័យចំណាស់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងស៊េរីឆ្នាំ ២០០៦ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1G-6268ធ្វើដំណើរទិសដៅពីលិចទៅកើត បញ្ច្រាសផ្លូវចរាចរណ៍បំណងឆ្លងមកផ្លូវម្ខាងទៀត លុះមកដល់កន្លែងកើតហេតុខាងលើ ក៏ត្រូវបុរសម្នាក់បើកឡាំប្រឺតាមួយគ្រឿងពណ៌សលាយលឿង ពាក់ស្លាកលេខភ្នំពេញ1ID-7527ធ្វើដំណើរបញ្ច្រាសទិសគ្នាពីកើតទៅលិច វ៉ាក់អើចាប់ហ្វ្រាំងបង្ខំបណ្ដាលឲ្យក្រឡាប់ឡាំប្រឺតាសង្កត់ពីលើម៉ូតូជាប់ និងរងការខូចខាតបន្តិចបន្តួច សំណាងល្អភាគីទាំងសងខាងមិនមានអ្នកណារងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតកន្លះម៉ោង ដោយខាងភាគីឡាំប្រឺតាបានសុំសំណងចំនួន ៥០ ដុល្លារ ដោយខាងភាគីម៉ូតូមិនមានលុយគ្រប់គ្រាន់ទើបកម្លាំងសមត្ថកិច្ចជួយចេញបន្ថែមដើម្បីឲ្យទៅភាគីឡាំប្រឺតាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ​៖សុខាសែនជ័យ


ចែករំលែក៖