ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះជាដំណឹងល្អបំផុតរបស់កម្ពុជា ដែល ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា មិនមានករណីឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ ហើយករណីជាសះស្បើយក៏គ្មានដែរ។
ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកចំនួន ៨៣៩សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ ថ្មីទាំងអស់។ ដោយឡែកមាននៅសល់វត្ថុសំណាកចំនួន ៦៨សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្តនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៥៧នាក់ ក្នុងនោះអ្នកជំងឺ៣០៧នាក់ព្យាបាលជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៥០នាក់។
សរុបអ្នកជំងឺកូវីដ-១៩ ដែលបានរកឃើញក្នុង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៤០នាក់ (ស្ត្រី១៩នាក់ និងបុរស២១នាក់)៕
ដោយ៖ សិលា