ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានថ្លែងឲ្យដឹងថា, ជាលទ្ធផលតេស្តលើកទី៣ ដែលជាលើកចុងក្រោយ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ របស់ខ្ញុំ និងគ្រួសារគឺ “អវិជ្ជមាន Covid-19”!
លោករដ្ឋលេខាធិការ បានលើកឡើងផងដែរថា, បើទោះបីលទ្ធផលបែបនេះក៏ដោយ សូមកុំភ្លេចថា យើងអាចភ្លេចCovid-19 តែCovid-19 នឹងមិនភ្លេចយើងទេ អោយតែយើងប្រហែស ឬមើលស្រាល!
លោកថ្លែងទៀតថា, ខ្ញុំ និងគ្រួសារក្រូវបានស្ថិតនៅដាច់ដោយឡែក (ចត្តាឡីស័ក) គ្រប់ចំនួន១៤ថ្ងៃ គិតត្រឹមថ្ងៃទី១២ ខែធ្នូ ២០២០!
នៅថ្ងៃច័ន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ ខ្ញុំនឹងត្រឡប់ទៅបំពេញការងារវិញ ប៉ុន្តែទោះបីបែបនេះក៏ដោយ ការបន្តអនុវត្តនូវវិធានសុខាភិបាល និងការបំពេញការងារតាមរបៀប online ជាកិច្ចអាទិភាពក្នុងបរិបទCovid-19 នេះដែលត្រូវប្រកាន់យក បើពុំមានភាពចាំបាច់ណាមួយក្នុងការជួបផ្ទាល់!
ក្នុងនាមរូបលោកផ្ទាល់ជាមួយនឹងក្រុមគ្រួសារ ពិតជារកពាក្យអ្វីថ្លែងពុំបានចំពោះការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យ ។ ក្នុងនោះលោកបាននិយាយថា, អ្នកពិតជាហត់ណាស់ យុទ្ធមិត្តអាវសរ! មិនដឹងថារកពាក្យអ្វីលើសពីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកនោះទេ!
លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាយកចិត្តទុកដាក់ខ្ពស់អនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ ដើម្បីការពារអ្ន គ្រួសារអ្នក និងសង្គមរបស់យើង!
លោកថ្លែងទៀតថា ទន្ទឹមនេះខ្ញុំក៏សូមថ្លែងអរគុណនូវរាល់ក្តីបារម្ភ និងការជូនពររបស់បងប្អូនពូមីងទាំងអស់🙏🙏🙏៕
ដោយ៖ សុខ ខេមរា