ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តសៀមរាប ទទួលពលករចំណាកស្រុក១៤៤នាក់ទាំងយប់ ដាក់កន្លែងធ្វើចត្តាឡីស័ក

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រុមការងារទទួលពលកររបស់រដ្ឋបាលខេត្តសៀមរាប ទទួលប្រជាពលរដ្ឋចំណូលស្រុកមកពីប្រទេសថៃតាមច្រកប៉ោយបែ៉តចំនួន១៤៤នាក់ ដែលចេញពីមណ្ឌលចត្តាឡីស័កខេត្តបន្ទាយមានជ័យ និងដាក់បន្តឲ្យធ្វើចត្តាឡីស័កនៅខេត្តសៀមរាបវិញ។ ហើយអ្វីដែលជាវិធានចាំបាច់ បងប្អូនទាំងអស់នោះ ត្រូវយកសំណាកធ្វើវិភាគឲ្យបានគ្រប់ចំនួន៣ដង តាមការកំណត់!

សូមបញ្ជាក់ថា ជាមួយនឹងព្រឹត្តិការណ៍ នៃការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍នៅប្រទេសថៃដែលផ្ទុះឡើងកាលពីពេលថ្មីៗនេះ នៅប្រទេសកម្ពុជា បានចេញវិធានបន្ទាន់លើការប្រុងប្រយ័ត្ន ក្រោមចំណាត់ការដ៏មានប្រសិទ្ធភាព របស់សម្តេចតេជោប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា។ កាលពីវេលាម៉ោងប្រហែលជា ២១អាធ្រាតថ្ងៃទី២៣ ខែធ្នូ (យប់មិញនេះ) ប្រជាពលរដ្ឋខេត្តសៀមរាប ដែលបានធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃចំនួន១៤៤នាក់ ក្នុងនោះរួមមានទាំងស្រ្តី និងកុមារតូចៗផងដែរ ត្រូវបានអាជ្ញាធរខេត្ត ទៅទទួលយក និងជូនដំណើរមកដល់មណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាអនុវត្តគរុកោសល្យ ដែលជាទីតាំងចត្តាឡីស័កធំជាងគេ ស្ថិតនៅក្នុងក្រុងសៀមរាប។
លោកស្រី យូ សោភា អភិបាលរងខេត្តសៀមរាប ដែលមានតួនាទីនៅក្នុងជួរគណ:កម្មការខេត្តទទួលពលករចំណូលស្រុកនោះ បានឲ្យដឹងថា បងប្អូនទាំងអស់នេះ បានមកដល់គោលដៅប្រកបដោយសុវត្ថិភាព តាមក្បួនរថយន្តដឹកជញ្ជូនរបស់កងពលតូចដឹកជញ្ជូនលេខ៩០ នៃកងយោធពលខេមរភូមិន្ទ។ ប្រជាពលរដ្ឋចំណូលស្រុកទាំងនេះដែរ ពេលដែលបានមកដល់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតកាលពីថ្ងៃទី១៩ ខែធ្នូកន្លងទៅ ត្រូវបានចូលធ្វើចត្តាឡីស័កនៅក្នុងខេត្តបន្ទាយជ័យ និងត្រូវបានយកសំណាកលើកទី១ នៅទីនោះ ។ ក្រុមគ្រូពេទ្យជួរមុខ ក៏បានផ្តល់ព័ត៌មានឲ្យដឹងដែរថា ការយកសំណាកលើកទី១នោះ ពុំទាន់បានទទួលលទ្ធផលវិភាគនៅឡើយនោះទេ។ យ៉ាងណាក៏ដោយ បងប្អូនទាំងអស់នេះ ត្រូវធ្វើចត្តាឡីស័កបន្តទៀត និងយកសំណាកវិភាគឲ្យបានគ្រប់៣ដង ជាកំណត់ តាមការណែនាំពីក្រសួងសុខាភិបាល៕

ប្រភព៖ទទក


ចែករំលែក៖