បុរសជនជាតិស្បែកខ្មៅ ដើមកំណើតអាហ្វ្រិក គ្មានអាវុធនៅក្នុងដៃ ត្រូវ កម្លាំងប៉ូលិសនៅទីក្រុងOhio បាញ់សម្លាប់ បង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងពីក្រុមជនជាតិស្បែកខ្មៅដោយចោទប្រកាន់ថាជាការរើសអើងជាតិសាសន៍។
នៅថ្ងៃទី២៤ខែធ្នូ (ពេលវេលាអាមេរិក) មានក្រុមបាតុករមួយក្រុមបានដង្ហែរក្បួនបាតុកម្ម ដើម្បី គោរពដល់វិញ្ញាណក្ខន្ធ Andre Maurice Hill អាយុ៤៧ឆ្នាំត្រូវប៉ូលិសបាញ់សម្លាប់ កាលពីយប់ថ្ងៃទី២១ខែធ្នូ ក្នុងផ្ទះសម្រាប់ចតរថយន្ត ។ ជនរងគ្រោះត្រូវបាញ់ជាច្រើនគ្រាប់ខណៈដៃម្ខាងទៀតកាន់ទូរស័ព្ទ ដើរសំដៅទៅកាន់ប៉ូលិស។ នៅពេលនេះគេមិនទាន់ដឹងថា ហេតុអ្វីបានជាប៉ូលិសបាញ់សម្លាប់ជនរងគ្រោះដែលមិនមានអាវុធនៅក្នុងដៃ។ កម្លាំងប៉ូលិសទៅកាន់ ទីតាំងកើតហេតុខាងលើ ក្រោយទទួលបានការហៅទូរស័ព្ទ ប្រាប់ពីការប្រើអំពើហិង្សាក្នុងតំបន់នោះ។
អភិបាលក្រុងColumbus លោក Andrew Ginther បានបង្ហាញការខកចិត្តចំពោះការស្លាប់របស់ ជនរងគ្រោះខាងលើ។ លោកបន្តទៀតថា នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ លើកម្លាំងប៉ូលិសទាំងពីរនាក់ខាងលើ។
ជនរងគ្រោះAndre Maurice Hill ដើមកំណើតអាហ្វ្រិករងការបាញ់សម្លាប់ មិនដល់៣សប្តាហ៍ផងក្រោយការស្លាប់បុរសជនជាតិស្បែកខ្មៅឈ្មោះCasey Goodson Jr អាយុ ២៣ឆ្នាំ ត្រូវប៉ូលិសបាញ់សម្លាប់ដូចគ្នា ពេលកំពុងធ្វើដំណើរទៅផ្ទះ។ ប៉ូលិស ច្រឡំនំសាំងវុិច ដែលបុរសជនជាតិស្បែកខ្មៅកាន់ក្នុងដៃថាជាកាំភ្លើងខ្លី។
សកម្មភាពបាញ់សម្លាប់ជនជាតិស្បែកខ្មៅជាបន្តបន្ទាប់បង្កឲ្យមានវិវាទកាន់តែខ្លាំង ក្នុងសង្គមអាមេរិក និងបង្កផលលំបាកដល់រដ្ឋាភិបាលថ្មីរបស់លោកបៃឌិន៕ ដោយ៖ធីរីណា
រូបភាព៖AFP/TTXVN