ព័ត៌មានទាន់ហេតុការណ៍៖

ខ្លឹមសារសំខាន់ចំនួន១១ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ព្រោះថ្ងៃនេះខួប២២ឆ្នាំនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា!

ចែករំលែក៖

ភ្នំពេញ៖ រយៈពេល២២ឆ្នាំហើយ រហូតមកដល់ថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២០នេះនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ដែលកម្ពុជារកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្របន្ទាប់ពីបានបែកបាក់តាំងពីក្រោយចក្រភពអង្គរ។ ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើងតាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

ការបញ្ចប់សង្រ្គាមដោយនយោបាយឈ្នះឈ្នះ គឺជាទស្សនៈវិជ្ជាសនិ្តភាពនិងមានការប្តេជ្ញាចិត្តខាងនយោបាយដ៏មុតមាំរបស់ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការបញ្ចប់សង្គ្រាម មិនមែនជាអព្ភូតហេតុ ឬជាការស្រមៃដោយចៃដន្យនោះទេដូចនេះទើបនៅក្នុងដំណើរការអនុវត្តការបញ្ចប់សង្គ្រាម ទាមទារនូវការដឹកនាំដែលប្រកបដោយទេពកោសល្យខ្ពស់ និងមានលក្ខណៈវិទ្យាសាស្ត្ររួមជាមួយគ្នា ព្រោះព្រឹតិ្តការណ៍មានការប្រែប្រួលយ៉ាងគំហុកបំផុត។

គេអាចនិយាយបានថា នយោបាយឈ្នះឈ្នះ នៅកម្ពុជាមានន័យយ៉ាងទូលំទូលាយ ពោលគឺគ្របដណ្តប់លើគ្រប់វិស័យនៃសង្គមជាតិទាំងមូល។ដូច្នេះនយោបាយឈ្នះឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណាដែលនឹងនាំមកនូវការធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចិរភាព។

ចំពោះនិយមន័យនយោបាយឈ្នះឈ្នះ ដែលជាយុទ្ធសាស្រ្តសម្រាប់បញ្ចប់សង្គ្រាមផ្ទៃក្នុង និងស្វែងរកសន្តិភាពនៅកម្ពុជា មានខ្លឹមសារសំខាន់ៗចំនួន១១ដូចតទៅនេះ៖

គោលការណ៍នយោបាយឈ្នះឈ្នះ៖ គឺការដាក់ចេញនូវគោលការណ៍គន្លឹះសម្រាប់ធានាសុវតិ្ថភាពបីយ៉ាង៖

) ការធានានូវសុវតិ្ថភាពខាងផ្នែកសន្តិសុខផ្ទាល់ខ្លួនរបស់បុគ្គល និងគ្រួសារដែលស្ម័គ្រចិត្តបញ្ចប់សង្គ្រាម និងការប្រយុទ្ធ ហើយវិលត្រឡប់មករួមរស់នៅក្នុងចរន្តគោលនៃសង្គមជាតិវិញ។

) ការធានានូវសុវតិ្ថភាពខាងផ្នែកអាជីព ដោយផ្តល់ជូនអ្នកទាំងនោះនូវលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្តមុខរបរ និងការរកស៊ីចិញ្ចឹមជីវិតដែលគេធ្លាប់មានកន្លងមក។

) ការធានានូវសុវតិ្ថភាពខាងផ្នែកកម្មសិទិ្ធដែលគេធ្លាប់មាន និងកាន់កាប់ក្នុងរយៈពេលកន្លងមក ដោយគ្មានការដកហូត ឬរុះរើ។

នយោបាយឈ្នះឈ្នះ៖ គឺធម៌ខន្តី និងសិល្បៈសម្បទាននៃទស្សនវិជ្ជាសន្តិភាព ដែលស្ថិតក្នុងយុទ្ធសាស្ត្របញ្ចប់សង្រ្គាមស៊ីវិលយុទ្ធសាស្ត្រប្រឆាំងនឹងសង្គ្រាមឈ្លប ឧទ្ទាមកម្ម ហើយយុទ្ធសាស្ត្របែបនេះបានបន្តអនុវត្តរហូតមក ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការចាត់វិធានការបង្ការ និងបង្ក្រាបភេរវកម្មពេលក្រោយមកទៀត។

នយោបាយឈ្នះឈ្នះ៖ គឺជាយុទ្ធសាស្ត្រនយោបាយគួបផ្សំយោធាមួយដែលបានប្រយុទ្ធតស៊ូដើម្បីឈានទៅរក និងទទួលបាននូវសន្តិភាពដោយកម្លាំងកម្ពុជាខ្លួនឯង បញ្ចៀសមិនមានការប្រើប្រាស់អាវុធប្រយុទ្ធបាញ់វាយប្រហារគ្នា។ នយោបាយនេះពុំបានផ្អែកលើកិច្ចព្រមព្រៀងជាលាយល័ក្ខអក្សររវាងភាគីណាមួយឡើយ ហើយក៏ពុំមានអន្តរាគមន៍ពីប្រទេសក្រៅ ឬបើកការចរចាខ្ទរខ្ទារ និងក៏ពុំចាំបាច់ពឹងផ្អែកលើទីតាំងប្រទេសដទៃ តាមរយៈជនបរទេសដែរ ពោលគឺភាគីជម្លោះក្នុងប្រទេសមួយត្រូវជួបគ្នា ជជែកគ្នាពិភាក្សាដោះស្រាយបញ្ហាដោយផ្ទាល់ ដោយការយោគយល់សម្រុះសម្រួលគ្នា។

នយោបាយឈ្នះឈ្នះ៖ គឺការបង្កើតជំនឿការទុកចិត្តគ្នាទៅវិញទៅមក។នោះគឺការទទួលស្គាល់ថា នៅក្នុងការធើ្វសង្គ្រាមបំផ្លិចបំផ្លាញប្រាកដជាមិនអាចមានអ្នកឈ្នះនោះទេ ហើយការចងអាឃាតព្យាបាទ ក៏មិនអាចនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិនិងប្រជាជនបានដែរ។ ការមិនសងសឹកចងអាឃាតព្យាបាទគ្នាពីសំណាក់ប្រជាជន ដែលធ្លាប់រស់នៅតំបន់កាន់កាប់ផ្សេងគ្នា និងពីសំណាក់កម្លាំងប្រដាប់អាវុធដែលធ្លាប់តែប្រយុទ្ធគ្នា គឺជាមូលហេតុដ៏សំខាន់មួយទៀត ដែលបង្កលក្ខណៈឲ្យអនុវត្តការបញ្ចប់សង្គ្រាមបានដោយជោគជ័យ ឧទាហរណ៍នៅកម្ពុជា ចំណុចល្អពិសេសគឺ ការមិនសងសឹកគ្នា មិនចាត់ទុកគ្នាថា ជាអ្នកចាញ់ ឬអ្នកឈ្នះ តែគឺឈ្នះទាំងអស់គ្នា។ សន្តិភាព និងការបង្រួបបង្រួមជាតិគឺសម្រាប់ទាំងអស់គ្នាដូច្នេះហើយបានជាព្រំដែនផ្ទៃក្នុងរវាងតំបន់មួយទៅតំបន់មួយទៀតត្រូវបានរំលាយចោល ប្រជាជនទៅមករកគ្នា។ ជាតិសាសន៍មានតែមួយ ហើយទទួលបាននូវការអភិវឌ្ឍ និងផលប្រយោជន៍ដូចគ្នា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ និងច្បាប់តែមួយ រដ្ឋាភិបាលតែមួយ។ រីឯកម្លាំងប្រដាប់អាវុធដែលធ្លាប់តែច្បាំងគ្នាក៏វិលមករស់នៅជាមួយគ្នា ដោយគ្មានការបែងចែក ឬរើសអើងក្នុងឯកសណ្ឋាន និងទឹកចិត្តស្នេហាជាតិ ស្នេហាប្រជាជនដូចគ្នា។

នយោបាយឈ្នះឈ្នះ៖ គឺការបំបាត់ការរើសអើងខាងជាតិសាសន៍និងសាសនា ហើយប្រែក្លាយសង្គមឲ្យចេញផុតពីសង្គ្រាម ដើម្បីមានសន្តិភាព ឲ្យសាមគ្គីរួបរួមគ្នាធើ្វការអភិវឌ្ឍដោយមានសេរីភាព និងមូលដ្ឋានជំនឿរៀងៗខ្លួន ទាំងពុទ្ធសាសនា គ្រឹស្តសាសនា សាសនាអ៊ីស្លាមជាដើម។ក្មេងជំនាន់ក្រោយបានរៀនសរសេរ រៀនប្រើកុំព្យូទ័រជំនួសការប្រើកៃកាំភ្លើង។ប្រទេសកម្ពុជាបានផ្លាស់ប្តូរពីការកាប់សម្លាប់គ្នាទៅជាការជួយគ្នាទៅវិញទៅមក ពីការបំផ្លាញទៅជាការកសាង ពីការភ័យខ្លាចទៅជាការសប្បាយ ហើយការបែកបាក់គ្នាទៅជាការបង្រួបបង្រួមគ្នា។

នយោបាយឈ្នះឈ្នះ៖ គឺការបើកទ្វារអភិវឌ្ឍអតីតតំបន់ដែលធ្លាប់បែងចែកការគ្រប់គ្រងគ្នា និងតំបន់ដាច់ស្រយាល ឲ្យជឿនលឿនអភិវឌ្ឍលើគ្រប់វិស័យ ដោយផ្សារភ្ជាប់មករាជធានីភ្នំពេញជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាតែមួយ តាមរយៈវិធានការនិងគោលនយោបាយសំខាន់ៗ ដើម្បីភ្ជាប់គម្លាតពីជនបទមកទីក្រុង ហើយទទួលនូវប្បធម៌សេដ្ឋកិច្ចដោយសមធម៌។

នយោបាយឈ្នះឈ្នះ៖ គឺការផ្តល់នូវយុតិ្តធម៌សម្រាប់សង្គម ក្រោយពីការរក្សាឲ្យបាននូវសុវតិ្ថភាព និងសន្តិភាព។ យើងសង្កេតឃើញថាតាមសភាពការណ៍ជាក់ស្តែង បើគ្មានសន្តិភាពទេ អំពើហិង្សា ជម្លោះនៅតែមានហើយសម្រាប់យុតិ្តធម៌ និងប្រជាធិបតេយ្យ ក៏ជួបការលំបាកស្មុគស្មាញ ដើម្បីប្រតិបតិ្តនៅក្នុងសង្គមមួយ។ រាជរដ្ឋាភិបាលក៏ពុំបានរំលងនូវបញ្ហាយុតិ្តធម៌ដែរ។ វិចារញាណ និង សីលធម៌ មិនអនុញ្ញាតឲ្យអំពើឧក្រឹដ្ឋប្រល័យពូជសាសន៍យ៉ាងឃោរឃៅដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជា នៅក្នុងរយៈពេលគ្រប់គ្រងរបស់ពួកមេខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់១៩៧៩ កន្លងផុតទៅ ដោយគ្មានអ្នកទទួលខុសត្រូវនោះឡើយ។ មេក្លោងកំពូលៗនៃបទឧក្រឹដ្ឋនេះ ត្រូវតែទទួលខុសត្រូវនៅចំពោះមុខច្បាប់ និងប្រជាជន។ នេះគឺជាការទាមទារនៃគតិយុតិ្តធម៌ និងជាការព្រមានយ៉ាងមានប្រសិទ្ធភាពចំពោះអ្នកដឹកនាំដទៃទៀតដែលមានភារកិច្ចទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិ និងប្រជាជននាពេលអនាគត។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនឹងបន្តជម្រុញកិច្ចដំណើរការកាត់ទោសមេដឹកនាំកំពូលៗនៃរបបខ្មែរក្រហមឲ្យប្រព្រឹត្តទៅដល់ទីបញ្ចប់ប្រកបដោយជោគជ័យ។

និយមន័យមួយទៀត នយោបាយឈ្នះឈ្នះ៖ គឺការបើកផ្លូវឲ្យមនុស្សមានការជ្រើសរើស មានកី្តសង្ឃឹម គឺជាឧត្តមភាពពិសេសនៃការសម្រេចចិត្តមករួមរស់ក្នុងសង្គមជាតិ ដើម្បីកសាងសន្តិភាព និងអភិវឌ្ឍជាតិ ដូចអ្នកតាក់តែងគោលនយោបាយបច្ចុប្បន្នបានយល់ឃើញដោយឯកភាពគ្នាថានៅក្នុងសណ្តាប់ធ្នាប់នៃពិភពលោកថ្មីនេះ ខ្សែបន្ទាត់រវាងសន្តិភាព និងសង្គ្រាម គឺស្រពិចស្រពិល និងមិនច្បាស់លាស់ព្រោះបើតាមនិយមន័យ អំពីសង្គ្រាម មានចម្លើយជាច្រើនចំពោះសំនួរថា អី្វជាសង្គ្រាម? នោះគឺអ្នកដែលកាន់អាវុធប្រយុទ្ធ រហូតដល់ពេលខ្លះធើ្វអត្តឃាត គឺជាជម្រើសដែលគ្មានអី្វផ្សេងក្រៅពីនោះ។ តែសម្រាប់ការបញ្ចប់សង្គ្រាមទាំងអស់គ្នា បញ្ឈប់ការប្រយុទ្ធដោយស្ម័គ្រចិត្ត ហើយដាក់កី្តសង្ឃឹមចំពោះអនាគតក្នុងសង្គម។

នយោបាយឈ្នះឈ្នះ៖ គឺការបង្កើតឡើងនូវទស្សនៈជាតិនិយមត្រឹមត្រូវមួយ ដោយសារការរួបរួមបន្ទាប់ពីជម្លោះផ្ទៃក្នុង។ អំពីទស្សនៈជាតិនិយមនេះមានច្រើនបែបដូចជា ទស្សនៈជាតិនិយមចង្អៀតចង្អល់ ឬជាតិនិយមជ្រុលដូចដែលរបបកម្ពុជាប្រជាធិបតេយ្យបានអនុវត្តកន្លងមក ដែលធើ្វឲ្យមានការបែងចែក រើសអើង រហូតដល់ការបោសសំអាតកាប់សម្លាប់គ្នាឯង និងបណ្តុះគំនិតអរិភាពប្រឆាំងជាមួយប្រទេសជិតខាង បង្កជម្លោះ និងទំនាស់មិនចប់។ចំពោះទស្សនៈជាតិនិយមត្រឹមត្រូវ គឺជាភាពចាស់ទុំខាងនយោបាយ និងការដឹកនាំត្រឹមត្រូវតាមផ្លូវច្បាប់ ហើយគេបានឃើញច្បាស់នូវទស្សនៈនេះ នូវជំហរប្រទេសជាតិ និងការប្រកាន់ឥរិយាបថរបស់ប្រជាជន ក្នុងដំណើរការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ដែលប្រឈមនឹងបញ្ហាស្មុគស្មាញជាច្រើន ដោយបរិយាកាសនយោបាយរបស់ថៃ នៅក្នុងខែកក្កដាឆ្នាំ២០០៨។

១០នយោបាយឈ្នះឈ្នះ៖ ជាការបង្កលក្ខណៈ និងបើកឱកាសឲ្យកងយោធពលខេមរភូមិន្ទ អាចរៀបចំខ្លួនជាអង្គភាពមានវិជ្ជាជីវៈច្បាស់លាស់ថែមទៀត នៅក្នុងកិច្ចការការពារ និងកសាងមាតុភូមិកម្ពុជា ជាពិសេសគឺការបំពេញភារកិច្ចក្នុងវិស័យអំណាចទន់ ដូចជាការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ធារាសាស្ត្រ សង្គ្រោះពេលមានគ្រោះមហន្តរាយនិងរួមវិភាគទានក្នុងនយោបាយការបរទេសរបស់កម្ពុជា តាមរយៈបេសកកម្មមនុស្សធម៌រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

១១នយោបាយឈ្នះឈ្នះ៖ បានផ្តល់ឱកាសឲ្យកម្ពុជាមានការគិតគូរដោះស្រាយត្រឹមត្រូវតាមផ្លូវច្បាប់ និងទំនាក់ទំនងអន្តរជាតិ លើបញ្ហាព្រំដែនជាមួយនឹងប្រទេសជិតខាងឡើងវិញយ៉ាងច្បាស់លាស់ តាមដំណាក់កាលនីមួយៗ ដោយបញ្ចៀសនូវការប៉ះទង្គិច និងជម្លោះ ហើយបង្កលក្ខណៈសម្រាប់ការអភិវឌ្ឍថែមទៀតនៅតំបន់ព្រំដែន៕


ចែករំលែក៖