ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ បានលើកឡើងថា ៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជបវេណីដ៏មានសារៈសំខាន់មួយ ក្នុងចំណោមព្រះរាជពិធីបុណ្យទ្វាទសមាស ដែលព្រះករុណាព្រះមហាក្សត្រគ្រប់ព្រះអង្គ តែងតែដឹកនាំប្រារព្ធព្រះរាជពិធីនេះ រៀងរាល់ថ្ងៃ៤រោច ខែពិសាខ តាំងពីបុរាណកាល រហូតមកដល់បច្ចុប្បន្ន។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានចាត់ទុកជាវប្បមង្គលដ៏ប្រសើររបស់ប្រជារាស្ត្រខ្មែរ ប្រារព្ធឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលស្រុកទេស និងការបង្កបង្កើនផល តាមរយៈការបរិភោគរបស់គោឧសភរាជ។ ព្រះរាជពិធីបុណ្យនេះ ក៏មានន័យជាការដាស់តឿន និងរំឭកដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើវិស័យកសិកម្មជាវិស័យសេដ្ឋកិច្ចចម្បង ឱ្យបានដឹងថា រដូវធ្វើស្រែចម្ការបានចូលមកដល់ហើយ។
ក្នុងឱកាសនៃព្រះរាជពិធីច្រត់ព្រះនង្គ័ល ខ្ញុំសូមបួងសួងសុំឱ្យភោគផលដំណាំ និងរបរកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា មានភាពសម្បូរបែប ហូរហៀរ និងរីកលូតលាស់ល្អប្រសើរ។ សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច