ព័ត៌មានទាន់ហេតុការណ៍៖

ព្រះ​ករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ជាព្រះមហាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម បានបន្សល់ទុកទុនបម្រុងអន្តរជាតិជាមាសចំនួន ១២តោន ៤០០គីឡូ ជាកេរមរតកតម្កល់ទុកនៅប្រទេសស្វីស

ចែករំលែក៖

ភ្នំពេញ៖ ក្រោមចលនាសង្គមរាស្រ្តនិយម ដែលមាន ព្រះ​ករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ឯករាជ្យ​ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ​ ព្រះ​បរម​រតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះមហាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម បានបន្សល់ទុកទុនបម្រុងអន្តរជាតិជាមាសចំនួន ១២តោន ៤០០គីឡូ ជាកេរមរតកតម្កល់ទុកនៅប្រទេសស្វីស នៅក្នុងសម័យសង្គមរាស្រ្តនិយម នេះបើតាមប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

ប្រទេសកម្ពុជា ចាប់តាំងពីទទួលបានឋានៈជាប្រទេសឯករាជ្យ អព្យាក្រឹត ពុទ្ធសាសនិក ក្រោមព្រះរាជបូនីយកិច្ច នៃសម្តេចព្រះ នរោត្តម សីហនុ និងដែលបានបង្កើតឡើងនូវចលនាសង្គមរាស្ត្រនិយម ដោយព្រះគតិបណ្ឌិតដ៏ឈ្លាសវាងវៃភ្លឺថ្លានៃ សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ របស់យើងរៀងមក បានធ្វើឲ្យកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ និងក្លាយជារដ្ឋដ៏ជឿនលឿនមួយនៅក្នុងតំបន់ ព្រមទាំងទទួលបានការកោតសរសើរលើឆាកអន្តរជាតិ ព្រះរាជាណាចក្រទាំងមូលមានសាមគ្គី ស្រុះគ្នាដូចគេវេញខ្សែបញ្ចូលគ្នាជាធ្លុងមាំមួនរឹងប៉ឹង យើងបានប្រកបដោយសន្តិសុខ សន្តិភាព វឌ្ឍនភាព លូតលាស់ ចម្រុងចម្រើនកើតកើនឡើងជានិច្ច ស្ទើរតែនឹងគណនាត្រារាប់ពុំបានប្រមាណពុំអស់ និងមានកិត្តិនាមថា ខ្មែរជួយខ្មែរគ្នាឯងដោយពេញសមត្ថភាព ខ្មែរបង្កើតជីវភាពខ្លួនឯង បង្កើតសុខសន្តិភាពខ្លួនឯង បង្កើតវឌ្ឍនភាពខ្លួនឯង ខ្មែរមានកល្យាណមិត្រច្រើនក្នុងសកលលោក និងជារដ្ឋគម្រូដ៏អស្ចារ្យមួយក្នុងការដឹកនាំប្រទេសជាតិរបស់ខ្លួន៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖