ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង ផ្ញើសារជូនពរកងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២១

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានផ្ញើសារជូនពរកងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២១។

សារជូនពរសម្ដេចមានប្រសាសន៍ថា,កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២១។

តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមជាមួយកងកម្លាំងនគរបាល ជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា អបអរសាទរទទួល ស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២១ ។ ខ្ញុំសូមយកឱកាស ដ៏ថ្លៃថ្លានេះ សម្តែងនូវការកោតសរសើរ ប្រកបដោយមោទនភាពយ៉ាងក្រៃលែងចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការ ស៊ីវិល ក៏ដូចជាមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបេសកកម្មបម្រើជាតិ និងប្រជាជនយ៉ាងស្មោះស្ម័គ្រ ដោយបាននាំមកនូវជោគជ័យ និងសមិទ្ធផលធំៗជាច្រើន ក្នុងរយៈពេលពេញមួយឆ្នាំ២០២០ ។

ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់កងកម្លាំងនគរបាល ជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារទាំងអស់ ក្នុងបុព្វហេតុនៃការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សុវត្ថិភាពសង្គម និងការចូលរួមបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយការទទួល ខុសត្រូវខ្ពស់ចំពោះវិជ្ជាជីវៈ ។ ជាក់ស្តែង ខណៈដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ហា ប្រឈម និងផលប៉ះពាល់នានា ដែលបង្កឡើងដោយជំងឺកូវីដ-១៩ និងគ្រោះធម្មជាតិ ក្នុងរយៈពេលកន្លងទៅនេះ កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ បានចូលរួមចំណែកយ៉ាង សស្រាក់សស្រាំក្នុងការបង្ការទប់ស្កាត់គ្រោះមហន្តរាយ ជួយសង្គ្រោះអាយុជីវិត និងការពារទ្រព្យសម្បត្តិរបស់ ប្រជាពលរដ្ឋក្នុងគ្រាជួបគ្រោះអាសន្ន ប្រកបដោយឆន្ទៈយ៉ាងក្លៀវក្លាមោះមុតជាទីបំផុត។ ផ្អែកលើតឹកតាងជា សារវន្តទាំងនេះ ស្តែងឲ្យឃើញថា ការធានាបានយ៉ាងរឹងមាំនូវសំន្តិភាព ស្ថិរភាព និងសន្តិសុខ សម្រាប់បម្រើ ដល់ការអភិវឌ្ឍសង្គមជាតិ ពិតជាមិនអាចកាត់ផ្តាច់បានឡើយពីការរួមចំណែកយ៉ាងសំខាន់ពីសំណាក់កង កម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារនៅទូទាំងប្រទេស ។ ជាមួយនឹងការកោតសរសើរ ប្រកបដោយមោទកភាពនេះ ខ្ញុំក៏សូមអំពាវនាវដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់បំពេញភារកិច្ច និងបង្កើនស្មារតីម្ចាស់ការកាន់តែសកម្មផុសផុល សំដៅ រួមគ្នាបង្កើតនូវសមិទ្ធផលធំៗ និងនាំមកនូវជោគជ័យថ្មីៗថែមទៀត ជូនជាតិ និងប្រជាជន ក្នុងឆ្នាំ២០២១ ។

ជាថ្មីម្តងទៀត នៅក្នុងឱកាស ដ៏នក្ខត្តឫក្សនៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២១ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះកងកម្លាំងនគំរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់ ទូទាំងប្រទេស សូមបានប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖