ភ្នំពេញ៖ នៅមុននេះបន្តិច នាយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យ ក្រសួងសុខាភិបាល បានផ្ញើសារគោរពជូនសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ដោយលោកស្រីវេជ្ជបណ្ឌិតមានប្រសាសន៍យ៉ាងដូច្នេះថា, នាងខ្ញុំវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងស្វាមី បណ្ឌិត អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមលេីកដៃប្រណមគោរពសូមថ្លែងសំដែងនូវអំណរសាទរយ៉ាងក្លៀវក្លា ចំពោះសមិទ្ធផលថ្មី ក្រោមកណ្តាប់ដៃដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺតំណក់ប្រេងដំបូងជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ព្រមទាំងជោគជ័យបន្ថែមទៀតលេីការទប់ស្កាត់ និងគ្រប់គ្រងបានទាន់ពេលវេលានូវ “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” ដែលបានបិទបញ្ចប់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ជាថ្ងៃដែលកម្ពុជារំលឹកនូវខួបលេីកទី២២នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ។
លោកស្រីវេជ្ជបណ្ឌិតបានថ្លែងបន្តថា, សមិទ្ធផល និងជោគជ័យផ្ទួនៗគ្នានេះ ពិតជាសក្ខីភាពឆ្លុះបញ្ចាំងឲ្យឃេីញនូវសមត្ថភាពពេញលេញ និងភាពឈ្លាសវៃ ប្រកបដោយភាពអច្ឆរិយ:ដ៏អស្ចារ្យ ពោរពេញដោយសក្តានុពល និងមានតេជបារមីគ្រប់គ្រងដឹកនាំនាវាកម្ពុជា មានសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយភាពល្បីល្បាញលេីសាកលលោក។
អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានលើកឡើងថា, នាងខ្ញុំ និងស្វាមី ព្រមទាំងក្រុមគ្រួសារ សូមសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត មិនអាចបំភ្លេចបាននូវគុណូបការ:ដ៏ធំធេងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការរំដោះជាតិមាតុភូមិ ដោះស្រាយរាល់បញ្ហាដេីម្បីប្រជាជនមានការរស់នៅប្រកបដោយសេចក្តីសុខ មានសុខសន្តិភាពពេញលេញ និងសំខាន់ទៀតនោះ គឺការអភិវឌ្ឍន៍ប្រទេសជាតិដ៏សំបូររុងរឿង។ បេីគ្មាននយោបាយឈ្នះ-ឈ្នះ គឺគ្មានតំណក់ប្រេងដំបូង គ្មានសុខសន្តិភាព គ្មានការថែទាំសុខភាពបានល្អ គ្មានការអប់រំ និងគ្មានការអភិវឌ្ឍន៍ទាំងបុគ្គល ទាំងគ្រួសារ និងទាំងសង្គមជាតិ។
លោកស្រីវេជ្ជបណ្ឌិតថ្លែងទៀតថា, នាងខ្ញុំ និងស្វាមី ព្រមទាំងក្រុមគ្រួសារ បន្តគាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជារៀងរហូតតទៅ និងសូមលេីកដៃប្រណមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក តាមថែរក្សាសម្តេចតេជោ សម្តេចកត្តិព្រឹទ្ធិបណ្ឌិត និងក្រុមគ្រួសារ ចៅប្រុស ចៅស្រីទាំងអស់ សូមមានសុខភាពល្អបរិបូណ៍ កម្លាំងក្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងមានតេជបារមី ឃុំគ្រងដែនដីកម្ពុជា បន្តធ្វេីជានាយករដ្ឋមន្ត្រីកម្ពុជា ជារៀងរហូត និងដឹកនាំប្រទេសឆ្ពោះទៅរកការរីចម្រេីនបន្ថែមទៀត និងកាន់តែមានភាពល្បីល្បាញលេីលោកយេីងនេះ។
សូមគោរពជូនការអបអរសាទរ និងគាំទ្រ ដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ ឱ វណ្ណឌីន និងស្វាមី បណ្ឌិត អ៊ុម រម្យណី និងក្រុមគ្រួសារ៕
ដោយ៖សិលា