ព័ត៌មានទាន់ហេតុការណ៍៖

ចន្លោះមិនបានប៉ុន្មាននាទីផង អគ្គិភ័យឆាបឆេះហាងលក់ស៊ុប សាច់អាំង និង ការាសជួសជុលរថយន្ត ពីរទីតាំងទល់មុខគ្នា ក្នុងខណ្ឌទួលគោក មូលហេតុទុស្សេខ្សែភ្លើង

ចែករំលែក៖

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះហាងលក់ស៊ុប និងសាច់អាំង ដែលមានយីហោ ឃូល ផាលេស ខូចខាតស្ទើរតែទាំងស្រុង មិនទាន់ធ្វើអន្តរាគមន៍បាន១០០ភាគរយផង ស្រាប់ឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើង ចេញជាអណ្តាតភ្លើងឆាបឆេះការាសជួសជុលរថយន្ត យីហោ និត ពន្លឺ មួយកន្លែងទៀត នៅទល់មុខហាងលក់ស៊ុប សាច់អាំងនោះតែម្តង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤ និង៥០នាទីរសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៤៦ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជាក់ស្តែង នៅវេលាម៉ោង ៤ និង០០នាទីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ មានអគ្គិភ័យបានលេបត្របាក់ហាងលក់ស៊ុប និង សាច់អាំង ដែលមានយីហោ ឃូល ផាលេស ខូចខាតស្ទើរតែទាំងស្រុង ដែលបង្កភាពភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច យករថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង មកធ្វើអន្តរាគមន៍ទើបរលត់ទៅវិញ ប៉ុន្តែស្របពេលកម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យកំពុងធ្វើការអន្តរាគមន៍ទៅលើអគ្គិភ័យដែលកំពុងឆាបឆេះហាងខាងលើជិតបាន១០០ភាគរយទៅហើយ ស្រាប់តែមានហេតុការណ៍ទុស្សេខ្សែភ្លើងចេញជាអណ្តាតភ្លើងឆាបឆេះបន្តិចបន្តួចនៅក្នុងការាសជួសជុលរថយន្តមួយកន្លែងទៀត ស្ថិតនៅទល់មុខគ្នាជាមួយហាងលក់ស៊ុប និងសាច់អាំងដែលកំពុងឆាបឆេះនោះដែរ។

ក្នុងប្រតិបត្តិការទាំងពីរនេះដែរ កម្លាំងសមត្ថកិច្ចបានយករថយន្តពន្លត់អគ្គិភ័យចំនួន៦ គ្រឿង ប្រើប្រាស់ទឹកអស់៤ គ្រឿង និង បំពង់ពន្លត់អគ្គិភ័យចំនួន៤ បំពង់ ក្នុងការអន្តរាគមន៍ទៅលើអគ្គិភ័យ ដែលឆាបឆេះ ហាងលក់ស៊ុប សាច់អាំង រួមទាំងការាសជួសជុលរថយន្ត ទីតាំងទល់មុខគ្នានេះ បានរលត់ទៅវិញ ហើយនៅក្នុងករណីអគ្គិភ័យឆាបឆេះទីតាំង២ ផ្សេងគ្នានេះ មិនបណ្តាលឱ្យនរណាម្នាក់រងរបួសក្នុងករណីនេះទេ៕ ដោយ៖ រ៉ារ៉ា


ចែករំលែក៖