តុលាការកំពូលកូរ៉េខាងត្បូង នៅថ្ងៃទី១៤ខែមករា បានប្រកាសសាលក្រមរក្សាទោសជាប់គុក ២០ឆ្នាំដដែល ពីបទប្រព្រឹត្តអំពើពុករលួយ និងទោសផ្សេងៗជាច្រើនទៀត ដល់អតីតប្រធានាធិបតី Park Geun Hye ។
សេចក្តីសម្រេចរបស់តុលាការ មានន័យថា លោកស្រី Park Geun Hye នឹងត្រូវជាប់គុកសរុប២២ឆ្នាំក្នុងនោះ២០ឆ្នាំសម្រាប់ បទល្មើសពុករលួយនិង២ឆ្នាំទៀត គឺជាការកេងប្រវ័ញ្ចអំណាច ។
តាមសារព័ត៌មាន AP បានផ្សាយថា ជាមួយនឹងការជាប់ពន្ធនាគារខាងលើ លោកស្រី Park Geun Hye អាចនឹងទទួលបានការលើកលែងទោសពីប្រធានាធិបតីមូន ជេអុីន។ ប៉ុន្តែមកទល់ពេលនេះ ប្រធានាធិបតី មូន មិនទាន់មានគម្រោងលើកលែងទោសដល់ លោកស្រី Park Geun Hye នៅឡើយទេ។
កន្លងមកប្រធានគណបក្សប្រជាធិបតេយ្យ លោក Lee Nak Yon បានស្នើលើកលែងទោសដល់ លោកស្រី Park និងអតីតប្រធានាធិបតី Lee Myung Bak ដូចជាការបង្ហាញពីសាមគ្គីភាពជាតិ ។ លោក Lee Myung Bak ត្រូវបានកាត់ទោសជាប់គុក១៧ឆ្នាំពីបទពុករលួយ។
លោកស្រីPark អាយុ៦៨ឆ្នាំ គឺជា ជនរងគ្រោះនៅក្នុងការសងសឹកនយោបាយ។ លោកស្រីបានបដិសេធចូលរួមសវនាការកាលពីខែតុលា ឆ្នាំ២០១៧ ហើយលោកស្រីក៏មិនបង្ហាញវត្តមាននៅក្នុងតុលាការនាថ្ងៃទី១៤ខែមករាឆ្នាំ២០២១ នេះផងដែរ៕
ដោយ៖ធី រីណា(រូបភាព៖Xinhua.)