ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រជាន់ហ្វ្រ័ងមិនសុីរេចង្កូតទៅបុកសំយាបផ្ទះប្រជាពលរដ្ឋបាក់ខ្ទេច

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកលឿនពេកជាន់ហ្រ្វ័ងមិនសុីបានរេចង្កូតទៅបុកសំយាបផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាតកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវច្រកចូលវត្តជន្លង់ម្លូ កែងនឹងផ្លូវជាតិលេខ៣ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តសណ្តោងទូកុងតឺន័រខាងលើពាក់ស្លាកលេខ ភ្នំពេញ 3C-9123 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានបើកក្នុងទិសដៅពីលិចទៅកើតរហូតមកដល់ចំណុចកើតហេតុស្រាប់តែជាន់ហ្រ្វ័ងមិនជាប់ធ្វើឲ្យរេចង្កូតទៅបុកសំយាបផ្ទះប្រជាពលរដ្ឋយ៉ាងពេញទំហឹងបណ្តាលឲ្យខូចខាតរថយន្តអស់ទ្វារខាងស្តាំផ្នែកខាងមុខមួយចំហៀង។

ចំណែកសំយាបផ្ទះក៏រងការខូចខាតយ៉ាងដំណំដែរ និងបណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុពិនិត្យជាក់ស្តែងរួចទើបឲ្យតំណាងភាគីខាងរថយន្តធ្វើការដោះស្រាយជាមួយម្ចាស់ផ្ទះមួយជំហានសិន៕

ដោយ៖សុខាសែនជ័យ​


ចែករំលែក៖