អន្តរជាតិ៖ នៅថ្ងៃទី២២ មករា ឆ្នាំ២០២១ សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW) របស់អង្គការសហប្រជាជាតិចូលជាធរមាន ហេីយសន្ធិសញ្ញានេះចូលជាធរមានរយៈពេល៩០ថ្ងៃ ក្រោយប្រទេសចំនួន៥០ ផ្តល់សច្ចាប័នកាលពីឆ្នាំមុន។ ខណៈប្រទេសអំណាចទាំង៥មិនបានចូលជាសមាជិកឡើយ ក្រោយប្រទេសដែលមាន ឬសង្ស័យថាមាន ក៏អត់ចូលដែរ។
ជាក់ស្តែងសន្ធិសញ្ញា TPNW មានរដ្ឋហត្ថលេខីចំនួន៨៦ និងរដ្ឋជាសមាជិកចំនួន៥១ បេីគិតត្រឹមថ្ងៃចូលជាធរមាននៅថ្ងៃទី២២ ខែមករាម្សិលមិញនេះ។ យ៉ាងណាក្តីប្រទេសដែលមានអាវុធនុយក្លេអ៊ែរពុំបានចុះហត្ថលេខាឡើយ ចំណែកជប៉ុនដែលជាប្រទេសតែមួយគត់ដែលរងគ្រោះដោយអាវុធនេះក៏មិនទាន់ចូលរួមដែរ។
សូមជម្រាបថា អង្គមហាសន្និបាត UN បានអនុម័តសេចក្តីសម្រេចស្តីពីការបង្កើតសន្ធិសញ្ញានេះនៅខែកក្កដា ឆ្នាំ២០១៧ ដោយមានសំឡេងគាំទ្រពីរដ្ឋចំនួន១២២។ យុទ្ធនាការអន្តរជាតិប្រឆាំងអាវុធនុយក្លេអ៊ែរ(ICAN) ដែលទទួលបានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០០៧ ជាអ្នកផ្តួចផ្តើមគំនិតក្នុងការកៀងគរបញ្ចុះបញ្ចូលរដ្ឋ និងព្រាងសន្ធិសញ្ញាមួយនេះ។
បេីតាមលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖«សន្ធិសញ្ញានេះ ជាជំហានយ៉ាងសំខាន់ក្នុងឈានទៅកាន់ពិភពលោកមួយដែលគ្មានអាវុធនុយក្លេអ៊ែរ និងការបង្ហាញនូវការគាំទ្រយ៉ាងរឹងមាំចំពោះការរំសាយអាវុធដោយប្រើប្រាស់យន្តការពហុភាគីនិយម»។ មិនតែប៉ុណ្ណោះ អគ្គលេខាធិការរូបនេះ សសើរពីការសម្រេចបានកិច្ចព្រមព្រៀងពហុភាគីក្នុងការរំសាយអាវុធនុយក្លេអ៊ែរជាលើកទីមួយក្នុងរយៈពេលជា២០ឆ្នាំមកនេះ។ បន្ថែមពីនេះលោកក៏អំពាវនាវផងដែរ ឱ្យរដ្ឋទាំងអស់ធ្វើការរួមគ្នាដើម្បីសម្រេចឱ្យបាននូវមហិច្ឆតាក្នុងការធ្វើឱ្យប្រសើរឡើងសន្តិសុខ និងសុវត្ថិភាពសមូហភាព។
បន្ថែមពីនេះ សន្ធិសញ្ញា TPNW ក៏ហាមការផ្ទរ ប្រើ ឬគំរាមប្រើអាវុធនុយក្លេអ៊ែរផងដែរ។ ព្រោះសន្ធិសញ្ញានេះ ចងភ្ជាប់កាតព្វកិច្ចដល់ប្រទេសផ្តល់សច្ចាប័ន មិនឱ្យអភិវឌ្ឍ តេស្ត ផលិត កាន់កាប់ ឬស្តុកទុកអាវុធនុយក្លេអ៊ែរ ឬគ្រឿងផ្ទុះនុយក្លេអ៊ែរ ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយថា មិនខុសអ្វីពីអគ្គលេខាធិការអង្គការសហប្រជាជាតិ សម្តេចសង្ឃប៉ាបហ្វ្រង់ស៊ីសប្រមុខគ្រិស្តសាសនាកាតូលិក ជំរុញឱ្យរដ្ឋ និងប្រជាជនរួមគ្នាក្នុងការបង្កើតលក្ខខណ្ឌចាំបាច់មួយសម្រាប់ពិភពលោកដោយគ្មានអាវុធនុយក្លេអ៊ែរក៏ដូចជារួមចំណែកក្នុងការកសាងសន្តិភាព និងកិច្ចសហប្រតិបត្តិការពហុភាគីដែលមនុស្សជាតិត្រូវការជាចំបាច់។ បន្ថែមពីនេះ លោក Peter Maurer ប្រធានគណៈកម្មាធិការអន្តរជាតិនៃអង្គការកាកបាទក្រហម (ICRC) ចាត់ទុកការចូលជាធរមាននៃសន្ធិសញ្ញានេះជាជ័យជម្នះសម្រាប់មនុស្សជាតិ។
យ៉ាងណាក្តីចាប់តាំងតែពីសន្ធិសញ្ញានេះកំពុងស្ថិតក្នុងដំណាក់កាលចចារម្ល៉េះ អាមេរិក និងរុស្ស៊ីដែលមានអាវុធនុយក្លេអ៊ែរចំនួន៩០ភាគរយនៃចំនួនអាវុធទាំងអស់ពហិការមិនចូលរួម។ ចំណែកចិន បារាំង អង់គ្លេស ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើងក៏មានជំហរមិនខុសគ្នាប៉ុន្មានដែរ។
គួរបញ្ជាក់ថា ប្រទេសមានអាវុធនុយក្លេអ៊ែរទាំងនេះ បានអះអាងថា៖ ខ្លួនមិនចូលរួមសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរTPNW ដោយសារតែខ្លួនជារដ្ឋសមាជិកនៃសន្ធិសញ្ញាហាមឃាត់ការសាយភាយអាវុធនុយក្លេអ៊ែរ(NPT) ស្រេចហើយ។ សន្ធិសញ្ញា NPT ហាមឃាត់ការផ្ទេរអាវុធនុយក្លេអ៊ែរ ក៏ដូចបច្ចេកវិទ្យាក្នុងការផលិតអាវុធទៅរដ្ឋដែលមិនទាន់មាន តែពុំហាមឃាត់ការប្រើប្រាស់ ឬការគំរាមប្រើប្រាស់អាវុធនេះដូច TPNW ឡើយ។
ដោយឡែកទាក់ទិននឹងបញ្ហានេះដែរ ប្រទេសជប៉ុន ដែលជាប្រទេសតែមួយគត់ដែលធ្លាប់រងគ្រោះដោយការប្រើអាវុធនុយក្លេអ៊ែរ នៅចុងសង្គ្រាមលោកលើកទីពីរ បដិសេធមិនចុះហត្ថលេខាលើសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ(TPNW) ដោយពុំជឿថានឹងមានប្រសិទ្ធភាពស្របពេលគ្មានវត្តមានរបស់ប្រទេសមានអាវុធនុយក្លេអ៊ែរ៕ដោយ៖ស តារា
រូបភាព៖ AFP