ខេត្តកែប៖ បេីតាមការអះអាងពីមន្ត្រីខេត្តកែប កន្លងមកធ្លាប់និយាយថា ការសាងសង់ផ្សាររាត្រីនៅលើផ្លូវក៏តូចចង្អៀតមួយខាងកើតផ្សារក្ដាមសសៀរតាមបណ្ដោយមាត់ឆ្នេរកែប។ ប៉ុន្តែបច្ចុប្បន្ននេះ ត្រូវបានគេវិនិយោគហើយកំពុងចាក់ពង្រីកផ្លូវសសៀរមាត់សមុទ្រ ឲ្យកាន់តែធំនោះដេីម្បីសាងសង់ធ្វើជាផ្សាររាត្រីបែបទំនើប។ ប៉ុន្តែផ្សាររាត្រីនៅតាមបណ្ដោយឆ្នេរសមុទ្រក្នុងនោះក៏មានចាក់លុបសមុទ្រផងដែរ សម្រាប់ធ្វើសួន និងកន្លែងផ្ញើរថយន្តបានរហូតទៅដល់៥០០គ្រឿងឯណ្ណោះ។ តែគេមិនបានដឹងពីមូលហេតុការផ្អាកការសាងសង់តូបបែបទំនើបនោះទេ ។
ប៉ុន្តែជាក់ស្តែងនៅឆ្នាំ ២០២១នេះ ផ្សាររាត្រីត្រូវបានសាងសង់បន្តទៀត និងក្រាលក្ដារពង្រីកកាន់តែធំវែងចូលក្នុងសមុទ្របន្ថែមទៀត ។
បេីតាមលោក អ៉ឹង វុទ្ធី នាយករដ្ឋបាលសាលាខេត្តកែប បានមានប្រសាសន៍យ៉ាងខ្លីទាក់ទងនឹងការសាងសង់ផ្សាររាត្រីនេះថា នៅផ្សាររាត្រីនេះ មានគេវិនិយោគហើយ ។
ជុំវិញបញ្ហានេះដែរលោក អុំ ឈ្នាង ជាម្ចាស់ភាគហ៊ុនផ្សាររាត្រី ក៏បានឲ្យដឹងកាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ថា តូបដែលសាងសង់រួចនៅផ្សាររាត្រីនេះ មានចំនួន៥៤តូបហេីយ។ ម្ចាស់ភាគហ៊ុនរូបនេះបន្តថា តូបបែបទំនើបនេះ លក់ដាច់ក៏បាន ជួលនៅក៏បាន ។ ប៉ុន្តែលោកមិនបានបញ្ជាក់ពីតម្លៃតូបនោះទេ ។
ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ២០១៩ កន្លែងនេះ អាជ្ញាធរខំប្រកូសប្រកាសពីការចាក់ផ្លូវលុបសមុទ្រ ដើម្បីពង្រីកផ្លូវសសៀរឆ្នេរត្រង់ចំណុចនេះឲ្យកាន់តែធំកុំស្ទះចរាចរណ៍តែទីបំផុតស្រាប់តែឃើញសាងសង់តូបធ្វើផ្សាររាត្រីទៅវិញ និងប្រកាសលក់ជាបណ្ដើរៗ ៕ដោយ៖សហការី