ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ បានឧបត្ថម្ភស៊ីម៉ង់ត៍២០តោន ជូនដល់ កងពលតូចអន្តរាគមន៍លេខ៧ ដើម្បីប្រើប្រាស់ បម្រើដល់ការងារសាងសង់សាលប្រជុំ របស់អង្គភាព។
ពិធីប្រគល់-ទទួល ត្រូវបានប្រារព្ធធ្វើឡើង នៅទីបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ត្រី ប៉ែន សាវឿត តំណាង ឧត្តមសេនីយ៍ទោ ឌួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ និងអនុសេនីយ៍ឯក វ៉ាំង សុភា ក្រុមការងារជំនួយការ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងនាយទាហានមួយចំនួនទៀតផងដែរ។
ជំនួសមុខជូន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ឧត្តមសេនីយ៍ត្រី ប៉ែន សាវឿត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាល លោក តែងតែគិតគូពីសុខទុក្ខរបស់កងទ័ព តាមរយៈការផ្តល់នូវសម្ភារប្រើប្រាស់ ក៏ដូចជាជួយសាងសង់អាគារ ជំរំជម្រកស្នាក់នៅ និងបំពេញនូវភាពខ្វះខាតចាំបាច់ជាច្រើនទៀត។
សូមបញ្ជាក់ថា ការឧបត្ថម្ភ ជូនដល់កងពលតូចអន្តរាគមន៍លេខ៧ នៅពេលនេះមិនមែនជាលើកទី១នោះទេ កាលកន្លងទៅ កងពលតូចអន្តរាគមន៍លេខ៧ ធ្លាប់បានទទួលនូវការឧបត្ថម្ភរបស់ មេបញ្ជាការកងទ័ពជើងគោក ក្នុងនោះរួមមាន បាវច្រកខ្សាច់ ២ម៉ឺនបាវ វិទ្យុទាក់ទង ១០គ្រឿង GPS ១០គ្រឿង កូដាន ១គ្រឿង និងបានជួយសាងសង់នូវ ឃ្លាំង១ខ្នង ដែលមានទំហំ(១៨ គុណ ២៥)ម៉ែត្រ ដើម្បីបំពេញនូវសេចក្តីត្រូវការជាក់ស្តែងនៅក្នុងអង្គភាព៕
ដោយ៖ សិលា