ព័ត៌មានទាន់ហេតុការណ៍៖

អតីតអ្នកចាត់ការទូទៅក្លិប Aston Villa និង Celtic លោក Jozef Venglosទទួលមរណភាពក្នុងវ័យ៨៤ឆ្នាំ

ចែករំលែក៖

លោក Jozef Venglos ដែលជាអ្នកគ្រប់គ្រងដំបូងនៅក្លិបនៅអង់គ្លេសនិងអៀរឡង់ដែលទទួលបន្ទុកជាក្រុមនៅលីគកំពូលអង់គ្លេសបានទទួលមរណភាពក្នុងអាយុ៨៤ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport កាលពីថ្ងៃទី២៧ មករា​ ឆ្នាំ២០២១។

បុរសសញ្ជាតិស្លូវ៉ាគីរូបនេះបានបង្កើតប្រវត្តិសាស្រ្តនៅពេលដែលគាត់ត្រូវបានតែងតាំងនៅក្លិប Aston Villa ក្នុងឆ្នាំ១៩៩០ គាត់បានដឹកនាំយៈពេលតែមួយរដូវកាលប៉ុណ្ណោះនៅក្លិនេះ ហើយត្រូវបានជំនួសដោយលោក Ron Atkinson បន្ទាប់ពី Aston Villa បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១៧ ។

លោក Jozef Venglos ក៏បានបម្រើការជាគ្រូបង្វឹកនៅក្រុម Celtic ក្នុងឆ្នាំ១៩៩៨-១៩៩៩ ដែលបានដឹកនាំក្រុមនេះឈ្នះ ៥-១ លើក្រុម Rangers ប៉ុន្តែមិនមានពានរង្វាន់ឡើយ។

លោក Jozef Venglos ធ្លាប់ជាគ្រូបង្វឹកជំនួយការគ្រូបង្វឹកពេលឆេកូស្លូវ៉ាគីឈ្នះជើងឯកអឺរ៉ុបក្នុងឆ្នាំ១៩៧៦ និងក្លាយជាគ្រូបង្វឹកទី២ ក្នុងនាមជាអ្នកចាត់ការដោយនាំក្រុមនេះទៅឈរនៅលេខ៣ក្នុងព្រឹត្តិការណ៍ជើងឯកអឺរ៉ុប ឆ្នាំ១៩៨០ និងឡើងវគ្គ៨ក្រុមចុងក្រោយនៅព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៩០ក្រោយមកគាត់គឺជាប្រធានក្រុមជម្រើសជាតិដំបូងរបស់ស្លូវ៉ាគីបន្ទាប់ពីវាបានទទួលឯករាជ្យនៅឆ្នាំ១៩៩៣ ។

សូមបញ្ជាក់ថា នៅក្នុងអាជីពបាល់ទាត់ដ៏យូរអង្វែង លោក Jozef Venglosក៏បានបម្រើការជាអ្នកគ្រប់គ្រងក្រុមជម្រើសជាតិសម្រាប់ប្រទេសអូស្ត្រាលី, សាធារណរដ្ឋឆេក, ស្លូវ៉ាគី, ម៉ាឡេស៊ី និងអូម៉ង់ ហើយទទួលបន្ទុកដឹកនាំក្រុម Fenerbahce នៅទួរគី និងក្រុម Sporting Lisbon នៅព័រទុយហ្គាល់ផងដែរ ៕

ដោយ៖ភារៈ


ចែករំលែក៖