នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀង សឹង ភុក នៅល្ងាចថ្ងៃទី២៨ខែមករា បានប្រកាសថា ពលរដ្ឋដែលរស់នៅក្នុងខេត្ត ហាយយឿង និងក្វាងនិញ មិនត្រូវចាកចេញពីតំបន់ដែលខ្លួនរស់នៅនាពេលនេះឡើយ ដើម្បីទុកឲ្យក្រុមជំនាញបន្តរកអ្នកប៉ះពាល់ជាមួយអ្នកជំងឺ។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល បានចេញសារ លិខិត 89/CD-BYT ស្នើជាបន្ទាន់ឲ្យចាត់វិធានការតឹងតែងបំផុតដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩នៅក្នុងខេត្តហាយយឿង និង ក្វាងនិញ។ ដោយអនុវត្តតាមបទបញ្ជារបស់នាយករដ្ឋមន្ត្រី មន្ត្រីក្នុងតំបន់ត្រូវតែចាត់វិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលឲ្យបានតឹងតែងបំផុត។ កម្លាំងទាំងអស់ នៅក្នុងខេត្តទាំងពីរខាងលើ ក្នុងនោះមានទាហាន ប៉ូលិស ក្រុមសុខាភិបាល ត្រូវតែតាមដាន ក្នុងការទប់ស្កាត់ការឆ្លងកូវីដ-១៩ ។
ជាមួយគ្នានេះដែរ ខេត្តហាយយឿងនិងក្វាងនិញបានបិទចរាចរណ៍ ចេញចូលក្នុងខេត្តទាំងពីរនេះដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ ចរាចរណ៍ផ្លូវទឹកផ្លូវគោកត្រូវបានផ្អាក ។
នៅក្នុងខេត្តហាយយឿង ក៏បានបង្កើនមន្ទីរពេទ្យបណ្តោះអាសន្នភ្លាមៗដែរ ដែលមានគ្រែពេទ្យជាង២០០ ដើម្បីបំពេញតម្រូវការព្យាបាលអ្នកជំងឺឲ្យបានទាន់ពេលវេលា។ ចំណែកកម្លាំងសន្តិសុខវិញ បានបង្កើតកុងត្រូលត្រួតពិនិត្យច្រកចេញចូលក្នុងខេត្ត ហាយយឿងចំនួន៨កន្លែងដែលចាប់ផ្តើមរិឹតបន្តឹងនៅវេលាម៉ោង១៨ ថ្ងៃទី ២៨ខែមករាឆ្នាំ២០២១។
ការរិឹតត្បិតកើតឡើងក្រោយពេលរកឃើញអ្នកឆ្លងដល់ទៅ៨២នាក់ ដែលជាករណីឆ្លងថ្មី នៅក្នុងសហគមន៍ ក្រោយរយៈពេល៥៥ថ្ងៃកន្លងមកមិនមានអ្នកឆ្លងនោះឡើយ៕
ដោយ៖ធី រីណា