ព័ត៌មានទាន់ហេតុការណ៍៖

ហុងគ្រីក្លាយជាប្រទេសទីមួយក្នុងតំបន់អឺរ៉ុបអនុម័តប្រើប្រាស់វ៉ាក់សាំងកូ​វីដ​-១៩ របស់ចិន

ចែករំលែក៖

កាលពីថ្ងៃទី ២៩ខែមករា នាយកដ្ឋានគ្រប់គ្រងឱសថនិងស្បៀងអាហារប្រទេសហុងគ្រី បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩របស់ចិន ផលិតដោយ​ក្រុមហ៊ុន Sinopharm។
ការអនុម័តនោះជួយឲ្យហុងគ្រីក្លាយជាប្រទេសដំបូងក្នុងតំបន់អឺរ៉ុបប្រើវ៉ាក់សាំងរបស់ចិន ។ កន្លងមក​ប្រទេសនេះក៏បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផលិតដោយប្រទេសរុស្ស៊ី គឺវ៉ាក់សាំង​Sputnik V ។ សហគមន៍អឺរ៉ុបបានព្រមានដល់ប្រទេសហុងគ្រី ដែលមិនគោរពតាមកិច្ចព្រមព្រៀង របស់សហគមន៍អឺរ៉ុប ស្តីពីការប្រើប្រាស់និងចែកចាយវ៉ាក់សាំង​។
កន្លងមក​នាយករដ្ឋមន្ត្រីហុងគ្រី លោកViktor Orban បានលើកឡើងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញវ៉ាក់សាំង​ពីប្រទេសចិនសម្រាប់ចាក់ជូនពលរដ្ឋហុងគ្រី ។ ការិយាល័យនាយករដ្ឋមន្ត្រីហុងគ្រីបានប្រកាសថា​​ រដ្ឋាភិបាលបានបញ្ជាទិញវ៉ាក់សាំង​៥សែនដូសពីក្រុមហ៊ុន​Sinopharm របស់ចិន ហើយវ៉ាក់សាំងនឹងត្រូវផ្តល់ជូននៅដើមខែកុម្ភៈឆ្នាំ​២០២១។
ចំណែកនៅក្នុងតំបន់អឺរ៉ុបវិញ សារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១ បានផ្សាយថា ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងទីផ្សារអឺរ៉ុបហើយ ដែលការអនុញ្ញាតនេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីនិយ័តករឱសថរបស់ប្លុកអ៊ឺរុប បានផ្តល់ការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងនេះ។
វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca នេះ គឺជាវ៉ាក់សាំងទីបីហើយ ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់ នៅក្នុងប្លុកដែលមានប្រទេសសរុបចំនួន ២៧ បន្ទាប់ពីវ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ (Pfizer-BioNTech) និងក្រុមហ៊ុនអាមេរិក Moderna៕

ដោយ៖ធី រីណា


ចែករំលែក៖