ខេត្តពោធិ៍សាត់ ៖ លោក ឧត្ដមសេនីយ៍ទោ ជា អារុណ អធិការស្ដីទីនៃអធិការដ្ឋាននគរបាលស្រុកបាកាន បានដឹកនាំកម្លាំងមន្រ្តីក្រោមឱវាទចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បង្រ្កាបករណីប្រជាពលរដ្ឋលួចដាំដំណាំកញ្ឆា ។
សមត្ថកិច្ចសហការចុះបង្រ្កាបលួចដាំដំណាំកញ្ឆាខុសច្បាប់ខាងលើ ធ្វើឡើងនាព្រឹកថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិខ្វាវ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកម្លាំងសហការដែលបានចុះផ្ទាល់បានឲ្យដឹងថា ជាលទ្ធផលនៃការបង្រ្កាបកម្លាំងដកបំផ្លាញដាំដំណាំកញ្ឆាស្រស់ចំនួន២៣៨ដើម ក្នុងនោះដើមកញ្ឆាធំៗចំនួន១៦៦ដើម ដើមកញ្ឆាតូចៗចំនួន៧២ដើម ដែលចំនួន២៧៨ដើមដាំនៅផ្ទះរបស់ឈ្មោះ កែវ ឈុំ ភេទប្រុស អាយុ ៨០ឆ្នាំ ស្ថិតនៅភូមិ.ឃុំខាងលើ ចំនួន៤០ដើមដាំនៅផ្ទះរបស់ឈ្មោះ សេន យូវ ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិ.ឃុំខាងលើ ចំនួន១៥ដើមដាំនៅផ្ទះរបស់ឈ្មោះ ឃន ខា ភេទស្រី អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិ.ឃុំខាងលើ និងចំនួន៥ដើមទៀតដាំនៅផ្ទះរបស់ឈ្មោះ ទូច ជ្រៀកច ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិ.ឃុំជាមួយគ្នា ។
ប្រភពបញ្ជាក់បន្តទៀតថា បច្ចុប្បន្ន វត្ថុតាងដើមកញ្ឆាទាំងអស់ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកានរង់ចាំដុតបំផ្លាញចោល ៕ ដោយ៖ បុឹម ពិន