ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឌុបគ្នាត្រឡប់មកពីហូបការខាងប្រុសទប់តណ្ហាមិនបានចាប់រំលោភបានសម្រេច លុះបាន៣ថ្ងៃក្រោយមកខាងស្រីប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់បានបើកម៉ូតូឌុបនារីម្នាក់ទៅហូបការជាមួយ លុះត្រឡប់មកវិញ ខណៈដល់ទីស្ងាត់ទប់នឹងតណ្ហាពុះកញ្ជ្រោលរបស់ខ្លួនមិនបាន ក៏ចាប់នារីដែលខ្លួនឌុបនោះរំលោភរហូតបានសម្រេច។ លុះ៣ថ្ងៃក្រោយមកក៏ត្រូវបានឪពុកម្ដាយខាងនារីរងគ្រោះប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនយុវជននោះតែម្ដង។ ករណីនេះ​ បានកើតឡើងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២២និង៤៥នាទីនៅចំណុចចម្ការស្វាយ ស្ថិតក្នុងភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ 

    មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា នារីរងគ្រោះ មានអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។ចំណែកជនសង្ស័យឈ្មោះ វី រ៉ាមី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។ 

     ប្រភពដដែលបន្តថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៨និង០០នាទី ជនសង្ស័យបានបបួលនារីរងគ្រោះឱ្យទៅចូលរូមពិធីមង្គលការជាមួយរូបគេ ហើយនារីរងគ្រោះបានយល់ព្រមទៅជាមួយ។ បន្ទាប់មកជនសង្ស័យបានជិះម៉ូតូទៅឌុបនារីរងគ្រោះទៅកម្មវិធីមង្គលការនៅម្ដុំស្ពានព្រែកឡុង ចូលទៅក្នុងត្រើយខាងលិច ។ លុះមកដល់វេលាម៉ោងប្រហែល២២និង០០នាទី នារីរងគ្រោះបានឲ្យជនសង្ស័យជូនខ្លួនមកផ្ទះវិញ។ ខណៈត្រឡប់ទៅផ្ទះវិញនោះ ជនសង្ស័យបានឌុបជនរងគ្រោះទៅផ្ទះសំណាក់ តែជនរងគ្រោះដឹងពីបំណងមិនល្អរបស់ជនសង្ស័យ ក៏បានរត់ចេញពីផ្ទះសំណាក់ ហើយជនសង្ស័យបានជិះម៉ូតូតាមលួងនារីរងគ្រោះឱ្យឡើងលើម៉ូតូដោយសន្យាជូនទៅផ្ទះ ។ ក្រោយមកជនរងគ្រោះបានឡើងជិះម៉ូតូជាមួយជនសង្ស័យ ហើយបានឆ្លងទូកទៅផ្ទះ ។ រហូតដល់ម៉ោងកើតហេតុ ខណៈពេលដែលជនសង្ស័យបើកម៉ូតូឌុបជនរងគ្រោះទៅផ្ទះ ជនសង្ស័យបានដកយកទូរស័ព្ទរបស់ជនរងគ្រោះទុក។ លុះពេលជិះម៉ូតូដល់ចំណុចស្ពានព្រែកតាជ័រ ជនសង្ស័យបានបើកម៉ូតូចូលតាមផ្លូវលំ ជាប់ព្រែក ត្រើយខាងជើងបានចម្ងាយប្រហែលជាងមួយគីឡូម៉ែត្រ ម្ដុំចម្ការស្វាយ ជនសង្ស័យបានឈប់ម៉ូតូ ហើយបានចាប់ជនរងគ្រោះរំលោភតែម្ដង ។ដោយទូរស័ព្ទរបស់ជនរងគ្រោះបានភ្ជាប់កម្មវិធី GPS សង្សាររបស់ជនរងគ្រោះ បានឆែកមើលទីតាំងរបស់ជនរងគ្រោះដឹង ហើយបានទាក់ទងមកក្រុមគ្រួសាររបស់នារីរងគ្រោះ  ក្រោយមកសង្សារ និងក្រុមគ្រួសាររបស់នារីរងគ្រោះបានមកដល់កន្លែងកើតហេតុ ហើយបានសួរនាំទៅកាន់អ្នកទាំងពីរ ហើយជនសង្ស័យក៏បានជិះម៉ូតូចេញទៅ។ 

រហូតមកដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ទើបជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលស្វាយប្រទាល​តែម្ដង។ 

    ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាល បានកោះហៅជនសង្ស័យមកធ្វើការសាកសួរ ។

     នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លើយសារភាពថា  ខ្លួនពិតជាបានរំលោភជនរងគ្រោះប្រាកដមែន។ 

កន្លងមកជនសង្ស័យធ្លាប់បានជាប់ពន្ធនាគារចំនួន១លើកនៅពន្ធនាគារខេត្តកណ្ដាល រយៈពេល១៨ខែពីបទ: លួចមានស្ថានទម្ងន់ ក្នុងឆ្នាំ២០១៧ ។

    បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖