ភ្នំពេញ៖ ដើម្បីពង្រឹងការងារ សន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងខណ្ឌអោយបានប្រសើរឡើងថែមទៀត លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចុះរៀបចំ សណ្តាប់ធ្នាប់នៅផ្សារច្បារអំពៅ និងត្រួតពិនិត្យទីតាំងបែងចែកផលនេសាទ ដែលជាទូទៅហៅថាយឿត្រីច្បារអំពៅ។
សកម្មភាពចុះរៀបចំសណ្តាប់ធ្នាប់នេះបានធ្វើឡើងនៅវេលាម៉ោង៣:០០នាទី ទៀបភ្លឺឈានចូលថ្ងៃទី០២ ខែកុម្ភៈ ២០២១ រួមដំណើរដោយលោករស់ សុភ័ក្ត អភិបាលរង លោកយ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ និងលោកគួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅ ។
សកម្មភាពវេលាទៀបភ្លឺនេះដែរលោក អភិបាលខណ្ឌនិងក្រុមការងារ បានចុះពិនិត្យស្ថានភាពទីតាំងដេប៉ូចែកចាយផលនេសាទ និងចំណតរថយន្តច្បារអំពៅ រួចបន្តដំណើរពិនិត្យទីតាំងលក់ដូររបស់បងប្អូនជនជាតិ នៅផ្លូវ៣៦៩ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ព្រមទាំងធ្វើការសំណេះសំណាលជាមួយបងប្អូនកំពុងហាត់ប្រាណនៅតាមផ្លូវស្ពានព្រែកបារាំងក្នុងសង្កាត់ព្រែកប្រានិងសង្កាត់និរោធ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានក្រើនរំលឹកអោយបងប្អូនប្រជាពលរដ្ឋត្រូវរួមគ្នាបង្ការ ទប់ស្កាត់ ជំងឺឆ្លងកូវីដ-១៩ កុំអោយរីករាលដាលតទៅទៀត តាមរយៈការអនុវត្តន៍ជាប្រចាំតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល រួមមានអនុវត្តនូវវិធានទាំង៣ ទី១- ឧស្សាលាងដៃជាមួយ សាប៊ូ អាល់កុល ឬ ជែល , ទី២-អង្គុយគម្លាតពីគ្នាចាប់១,៥០ម៉ែត្រ, និងទី៣-ត្រូវពាក់ម៉ាស់ជាប្រចាំនិងកុំប្រមូលផ្តុំគ្នាច្រើនបើមិនចាំបាច់ ៕
ដោយ៖សណ្តោស