ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារជំនាញបញ្ជូនសាររបស់បញ្ជាការដ្ឋានបញ្ជូនសារ កងទ័ពជើងគោក ចុះត្រួតពិនិត្យការងារបញ្ជូនសារនិងបំពាក់វិទ្យុទាក់ទងថ្មីជូនបញ្ជាការដ្ឋានយោធភូមិភាគទី៥

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥បានទទួលក្រុមការងារជំនាញបញ្ជូនសារ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហែម ហម មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានបញ្ជូនសារកងទ័ពជើងគោកធ្វើការប្រគល់-ទទួល វិទ្យុHF ថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក។
លោកឧត្តមសេនីយ៍ត្រី ហែម ហម បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំកងទ័ពជើងគោក គឺបានបំពាក់សម្ភារមួយចំនួនដល់អង្គភាពសម្រាប់ធានាបញ្ជូនសារ ដូចនេះអង្គភាពត្រូវយកចិត្តទុកដាក់ក្នុងប្រើប្រាស់ ថែរក្សា ទុកដាក់តាមលក្ខណៈបច្ចេកទេស និងជាពិសេសត្រូវកសាងធនធានមនុស្សឲ្យមានជំនាញច្បាស់លាស់ ធានាទាក់ទងបានគ្រប់ពេលវេលា តាមបទបញ្ជាថ្នាក់លើ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងអំណរគុណចំពោះក្រុមការងារបញ្ជូនសារជើងគោក ពិសេសគោរពដឹងគុណចំពោះការយកចិត្តទុកដាក់ខ្ពស់ចំពោះជំនាញបញ្ជូនសារនេះ។
យោធភូមិភាគទី៥ នឹងខិតខំប្រឹងប្រែងអនុវត្តរៀបចំលើប្រព័ន្ធវិទ្យុទាក់ទងឱ្យបានល្អរឹងមាំមានប្រសិទ្ធភាព៕

ដោយ៖សូ រិយា


ចែករំលែក៖