ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសតែងតាំងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនថ្មីខេត្តបាត់ដំបង លោក ព្រួញ រិទ្ធថា ជំនួសលោក ចាន់ សំបូរ ដែលត្រូវទទួលភារកិច្ចថ្មីនៅទីស្តីការក្រសួង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃសុក្រ ១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២១ លោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់ មុខតំណែងប្រធានមន្ទីរថ្មី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ដោយលោក ព្រួញ រិទ្ធថា ជំនួសលោក ចាន់ សំបូរ ដែលត្រូវទទួលភារកិច្ចថ្មីនៅទីស្តីការក្រសួង។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងមន្ត្រីរាជការនៃមន្ទីរពាក់ព័ន្ធ ជុំវិញខេត្តបាត់ដំបងជាច្រើនរូបផងដែរ។

ថ្លែងទៅកាន់អង្គពិធី លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា៖ ការផ្លាស់ប្ដូរនេះមិនមែនមានន័យថា៖ ប្រធានមន្ទីរចាស់ បានប្រព្រឹត្ដខុសឆ្គង ឬខ្វះសមត្ថភាពក្នុងការគ្រប់គ្រង និងដឹកនាំវិស័យសាធារណការ និងដឹកជញ្ជូនខេត្ដ នេះឡើយ ប៉ុន្តែវាគឺជាកិច្ចដំណើរការដែលប្រព្រឹត្តទៅជាធម្មតាក្នុងជីវិតការងាររបស់ មន្ត្រីរាជការ និងជាការផ្តល់ឱកាសឱ្យមន្ត្រីផ្សេងទៀតបានផ្លាស់ប្តូរបទពិសោធន៍ការងារ ជំរុញគំនិតផ្ដួច ផ្ដើមថ្មីៗ និងសាបព្រោះពហុជំនាញរបស់ខ្លួនផងដែរ។

លោករដ្ឋលេខាធិការ បានសម្ដែងនូវការកោតសរសើរចំពោះលោក ចាន់ សំបូរ ថ្នាក់ដឹកនាំ និងមន្រ្ដីរាជ ការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនដែលបានខិតខំប្រឹងប្រែងយកចិត្ដទុកដាក់ ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចសម្រេចបានលទ្ឋផលធំធេងជាបន្ដបន្ទាប់កន្លងមក រួមជាមួយ នឹងកិច្ចសហការល្អពីអង្គភាពពាក់ព័ន្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសការចូលរួមសហការមិនអាចខ្វះ បានពីប្រជាពលរដ្ឋក្រោមការដឹកនាំផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត។

លោករដ្ឋលេខាធិការ បានផ្ដាំផ្ញើឱ្យប្រធានមន្ទីរថ្មីពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាមន្ទីរ-អង្គភាពនានាជំនាញខេត្ដ រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ ជាតិ-អន្ដរជាតិ ជាពិសេស អនុវត្តតាមការណែនាំពីថ្នាក់ដឹកនាំខេត្ត សំដៅបន្តអភិវឌ្ឍន៍ វិស័យហេដ្ឋារចនាសម្ព័ន្ឋ ការផ្ដល់ សេវាសាធារណៈចាំបាច់ និងសេវាតម្រូវការគ្រប់ប្រភេទ ជូនប្រជា ជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបាន កាន់តែប្រសើរថែមទៀតស្របតាមពាក្យស្លោក “ធ្វើឱ្យបាន” “ធ្វើឱ្យឆាប់” និង “ធ្វើឱ្យមានតម្លាភាព” និងត្រូវ អនុវត្តអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ១១ចំណុច “ជាតិជា មន្ត្រីល្អ” របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីឱ្យបានខ្ជាប់ខ្ជួន។

លើសពីនេះទៀត លោករដ្ឋលេខាធិការ បានជំរុញណែនាំឱ្យប្រធានមន្ទីរថ្មីទប់ស្កាត់ការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ លើកកម្ពស់សុវត្ថិភាពចរាចរណ៍តាមដងផ្លូវ បង្កើនសកម្មភាពផ្សព្វផ្សាយ និងចលនាមហាជនឱ្យ គោរពច្បាប់ចរាចរណ៍ ជាមួយនឹងការរឹតបន្តឹងការពាក់មួកសុវត្ថិភាពបន្ថែមទៀត។

ជាមួយគ្នានោះផងដែរ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានលើកឡើងអំពី សមិទ្ធផលសម្រេចបានតាមរយៈកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ប្រាជ្ញាស្មារតីក្នុងការអនុវត្ត ការងារប្រកបដោយការ ទទួលខុសត្រូវ តាមការណែនាំតម្រង់ទិសពីថ្នាក់ដឹកនាំក្រសួងសាធារណការ និង ដឹកជញ្ជូន និងរដ្ឋបាល ខេត្ត និងបានគូសបញ្ជាក់អំពីសារសំខាននៃវិស័យអាទិភាពទាំងបួនរួមមាន៖ មនុស្ស ទឹក ភ្លើង ផ្លូវ ហើយ ទោះបីផ្លូវត្រូវស្ថិតក្នុងវិស័យអាទិភាពបន្ទាប់ក៏ដោយ ក៏ប៉ុន្តែការស្តារ ជួសជុល ធ្វើឱ្យប្រសើរឡើង និងសាងសង់ផ្លូវថ្មីៗបន្ថែមទៀត នៅតែត្រូវបានគិតគូរយកចិត្តទុកដាក់ជាបន្ត ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន ចូលរួមចំណែកក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងខេត្តនេះ។

ជាកិច្ចឆ្លើយតបនូវគុណូបការ និងការផ្ដល់ទំនុកទុកចិត្ត ក្នុងការតែងតាំងលោកជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង លោក ព្រួញ រិទ្ធថា បានប្ដេជ្ញាគាំទ្រអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល ប្ដេជ្ញាបម្រើការងារជំនាញតាមការណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំខេត្តឲ្យបានជោគជ័យ ប្តេជ្ញាបន្តអនុវត្តការងារតាមលំអានរបស់លោកប្រធានមន្ទីរចាស់ និងពង្រឹងបន្ថែមលើការងារនេះ ព្រមទាំងបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងទំនាក់ទំនងជាមួយស្ថាប័នអង្គភាពពាក់ព័ន្ធឲ្យបានកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត ជាពិសេសប្ដេជ្ញាអនុវត្តអភិក្រមទាំង៥ ងូតទឹក ឆ្លុះកញ្ចក់ ដុះក្អែល ព្យាបាល វះកាត់ឲ្យបានជាដាច់ខាត។

គួរកត់សម្គាល់ថា៖ លោក ព្រួញ រិទ្ធថា ជាវិស្វករជំនាញមួយរូបដែលមានលក្ខណសម្បត្ដិ និងបទពិសោ ធន៍ជាច្រើនក្នុងការងារកសាងវិស័យហេដ្ឋារចនាសម្ព័ន្ឋដឹកជញ្ជូន កន្លងមកលោកធ្លាប់បំពេញការងារជា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង លោកពិតជាមានសមត្ថភាពអាចជួយជំរុញ ឱ្យវិស័យសាធារណការ និងដឹកជញ្ជូនរបស់ខេត្ដដ៏មានសក្ដានុពលមួយនេះ ឱ្យកាន់តែមានការរីកចម្រើន ថែមទៀត។

យោងតាមរបាយការណ៍របស់មន្ទីរសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា៖ បច្ចុប្បន្ន ខេត្តបាត់ដំបង មានផ្លូវកៅស៊ូឆ្លងកាត់ឃុំ-សង្កាត់សរុបចំនួន៩៦ ឃុំ-សង្កាត់លើ១០២ឃុំ-សង្កាត់ ផ្លូវជាតិឆ្លងកាត់ចំនួន ៦ខ្សែ ផ្លូវខេត្តចំនួន១៣ ផ្លូវគ្រួសក្រហមចំនួន១៦ខ្សែ ផ្លូវរថភ្លើងមួយខ្សែ ព្រមទាំងសំណង់ស្ពានឆ្លងកាត់ ស្ទឹងចំនួន១៤ផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖