ភ្នំពេញ៖ ដើម្បីអបអរខួបទី៦៦ នៃកំណើតកាកបាទក្រហមកម្ពុជា (១៨ កុម្ភៈ ១៩៥៥ – ១៨ កុម្ភៈ ២០២១) នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា បានរៀបចំកម្មវិធីសំណួរ-ចម្លើយស្តីពី ប្រវត្តិ និងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ដោយការចូលរួមឆ្លើយសំណួរពីយុវជនកាកបាទក្រហមកម្ពុជាចំនួន ៥០នាក់ មកពីសាកលវិទ្យាល័យ-វិទ្យាស្ថាន ចំនួន១២ ក្នុងរាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើមនៃកម្មវិធីសំណួរ-ចម្លើយខាងលើនេះ លោកស្រីម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការកោតសរសើរចំពោះក្មួយៗយុវជនទាំងអស់ ដែលមានឆន្ទៈនិងទឹកចិត្តសប្បុរសធម៌ក្នុងការជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ស័ក្តិសមថាយុវជនជាកម្លាំងដែលមិនអាចខ្វះបាន និងជាឆ្អឹងខ្នងរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
ជាមួយគ្នានោះ លោកស្រីបានរៀបរាប់ពី ប្រវត្តិ ស្នាព្រះហស្ត និងស្នាដៃសំខាន់ៗរបស់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាពីមួយជំនាន់ទៅមួយជំនាន់ រួមជាមួយការគូសបញ្ជាក់ពីការបង្កើតកាកបាទក្រហមកម្ពុជា (កាលនោះមានឈ្មោះថា កាកបាទក្រហមខ្មែរ) នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ ហើយត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជា ដោយព្រះរាជក្រឹត្យលេខ៣៧៨/នស ចុះថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ១៩៥៨ ថា កាកបាទក្រហមកម្ពុជា គឺជាសមាគមជាតិតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ដែលបំពេញការងារគ្រប់ស្ថានភាព។ ចាប់តាំងពីថ្ងៃបង្កើតនៅឆ្នាំ១៩៥៥ ដល់បច្ចុប្បន្ន ដែលមានអាយុ៦៦ឆ្នាំនេះ កាកបាទក្រហមកម្ពុជា មានព្រះប្រធានកិត្តិយស ៣ព្រះអង្គ និងមានប្រធាន ៦អង្គ/នាក់ ក្នុងនោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានយាងគង់ប្រថាប់ជាព្រះប្រធានកិត្តិយសពីឆ្នាំ១៩៩៤ ដល់បច្ចុប្បន្ន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ធ្វើជាប្រធានតាមការបោះឆ្នោតជ្រើសតាំងដោយមហាសន្និបាត ចាប់តាំងពីឆ្នាំ១៩៩៨ រហូតដល់បច្ចុប្បន្ន។
ទន្ទឹមនឹងនេះ ដោយមានលក្ខណៈវិនិច្ឆ័យគ្រប់គ្រាន់១០យ៉ាង សមាគមជាតិកាកបាទក្រហមកម្ពុជា ត្រូវបានទទួលស្គាល់ពីគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ១៩៦០ ដែលក្នុងនោះលក្ខណៈវិនិច្ឆ័យសំខាន់បំផុតគឺ រដ្ឋាភិបាលនៃប្រទេសនោះគឺជាហត្ថលេខីនៃអនុសញ្ញាទីក្រុងហ្សឺណែវ។ ជាមួយគ្នានេះ សមាគមជាតិ ត្រូវបានបញ្ចូលជាសមាជិកទី ៨៥ របស់សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ១៩៦០ ហើយដែលបច្ចុប្បន្ននេះ IFRC មានសមាជិកចំនួន១៩២។
សូមបញ្ជាក់ថា យុវជនកាកបាទក្រហមកម្ពុជា ចំនួន ២០នាក់ ដែលបានឆ្លើយសំណួរត្រឹមត្រូវ បានទទួលនូវវត្ថុអនុស្សាវរីយ៍ដែលរួមមាន ៖ កាបូបស្ពាយ ១, សៀវភៅ ៥ក្បាល, ប៊ិក ២ដើម និងថវិកា ៥ម៉ឺនរៀល។ ដោយឡែក យុវជន ដែលបានចូលរួមក្នុងកម្មវិធី ក៏ទទួលបានវត្ថុអនុស្សាវរីយ៍មួយចំនួនផងដែរ៕
ដោយ៖ សូរិយា