ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ ជំរុញឲ្យ អាជ្ញាធខណ្ឌទាំង១៤ត្រូវបន្តសកម្មភាព ចុះផ្សព្វផ្សាយ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យរាលដាលដល់សហគមន៍

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
បានជំរុញ ឲ្យអាជ្ញាធខណ្ឌ សង្កាត់ នៅមូលដ្ឋានផ្ទាល់ ត្រូវ បន្ដសកម្មភាព ចុះផ្សព្វផ្សាយ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យរាលដាលដល់សហគមន៍ ។ ពិសេស ត្រូវយកចិតដទុក្ខដាក់ ចំពោះ អ្នកធ្វើចត្តាឡីស័កចំនួនជាង ៤០កន្លែង ស្ថិតនៅក្នុងចំនួន៨ខណ្ឌ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យរាលដាលចូលទៅដល់សហគមន៍។ លោក បានជំរុញបែបនេះ ខណៈលោកកោះប្រជុំ ជាមួយអាជ្ញាធរ ខណ្ឌទាំង១៤ និងមន្ទីរជំនាញសុខាភិបាល កងកម្លាំងចំណុះក្រោមឱវាទ រាជធានី កាលពីរសៀលថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២១ ។
លោកឧត្តមសេនីយ៍ គិន សុធី ស្នងការរងនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា នៅរាជធានីភ្នំពេញមានមណ្ឌលចត្តាឡីស័កចំនួន៤១ កន្លែង ស្ថិតនៅក្នុងខណ្ឌចំនួន៨ ចំណុះឲ្យរាជធានីភ្នំពេញ ក្នុងនោះមានទាំងសណ្ឋាគារសុខា មណ្ឌលចត្តាឡីស័ករបស់រាជធានីភ្នំពេញ ដែលស្ថិតជិតមហាវិថីឈ្នះឈ្នះក្នុងខណ្ឌព្រែកព្នៅ មណ្ឌលចត្តាឡីស័កចាក់អង្រែលើ មណ្ឌលចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យរុស្ស៊ី ហើយក្នុងចំណោមមណ្ឌលចត្តាឡីស័កទាំងនេះ បានប្រើប្រាស់កម្លាំងចំនួន ៤០២នាក់ ក្នុងនោះប៉ូលីសអន្តរាគមន៍ចំនួន ៧០នាក់ ក្រៅពីនោះគឺជាសមត្ថកិច្ចនៅតាមមូលដ្ឋានខណ្ឌនីមួយៗ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនោះបានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីរំលឹកឲ្យមានការប្រុងប្រយ័ត្នឡើងវិញ ដោយ សារថា មកដល់ពេលនេះ ប្រជាពលរដ្ឋហាក់ដូចជាលែងមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ-១៩ ហើយ។ ក្នុងនាមអាជ្ញាធរដែនដីទាំង១៤ខណ្ឌ កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តចុះណែនាំ ផ្សព្វផ្សាយជាប្រចាំ ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមការពារទប់ស្កាត់ជំងឺកូវីដ-១៩ឡើងវិញ ខណៈ កាលពីមុនអនុវត្តបានល្អ ហើយប្រជាពលរដ្ឋក៏បានចូលរួមយ៉ាងសកម្មផងដែរ ដែលធ្វើឱ្យអាចគ្រប់គ្រងបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ថា៖ កិច្ចប្រជុំនេះយើងនឹងពិភាក្សារកចំណុចគន្លឹះ រកចំណុច ចន្លោះ ប្រហោង ដើម្បីយើងយកចំណុចទាំងនោះមកបំពេញ បន្ថែម និងអនុវត្តឲ្យចំគោលដៅ ក្នុងកិច្ចការពារនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងកំរាមកំហែងមកលើមនុស្ស ដែលមានការធ្វេប្រហែស ៕

ដោយ៖សំរិត


ចែករំលែក៖