ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់ការបរទេសចិន​៖ ស្នើឲ្យ​រដ្ឋបាលលោក បៃឌិន ធ្វើការជាមួយប៉េកាំងឡើងវិញ​ ដើម្បីស្រោចស្រង់ទំនាក់ទំនងប្រទេសទាំងពីរ

ចែករំលែក៖

អន្តរជាតិ​៖​ បន្ទាប់ពី​ទំនាក់ទំនងទ្វេភាគីរវាងចិន​ និងអាមេរិក​ បានរងផលប៉ះពាល់ខ្លាំងក្រោមអាណត្តិ៤ឆ្នាំ របស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។​ ពេល​នេះ​លោក វ៉ាង យី​ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន​ បានស្នើឲ្យរដ្ឋបាលអាមេរិករបស់លោកប្រធានាធិបតី ចូ បៃឌិន ធ្វើការជាមួយប៉េកាំងក្នុងការបើកឡើងវិញនូវការសន្ទនា​ ដើម្បីស្រោចស្រង់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ជាថ្មីម្ដងទៀត ដើម្បីជួសជុលទំនាក់ទំនងដែលបែកបាក់បួនឆ្នាំមកនេះ​ ប្រមុខការបរទេសចិនលោក វ៉ាង យី​ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ​២០២១​ បាននិយាយប្រាប់ឲ្យអាមេរិក​ ចាប់ផ្ដើមកិច្ចសន្ទនាទ្វេភាគីឡើងវិញ។ លោក វ៉ាង យី បន្ត​ថា​ សកម្មភាពរបស់អតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលបានគាបសង្កត់ និងរារាំងចិនលើឆាកអន្តរជាតិ បានបង្កើតផលប៉ះពាល់មួយដែលមិនអាចប៉ាន់ស្មានបាន។

ជាក់ស្ដែង​ក្នុងន័យនេះ ប្រមុខការបរទេសចិនរូបនេះ​ ក៏ទាមទារឱ្យអាមេរិកលុបចោលពន្ធលើទំនិញរបស់ចិន ក៏ដូចជាបញ្ឈប់ការគាបសង្កត់លើវិស័យបច្ចេកវិទ្យារបស់ចិនផងដែរ។ ថ្លែងទៅកាន់វេទិកាមួយនៅទីក្រុងប៉េកាំង លោក វ៉ាង ក៏និយាយដល់បញ្ហាផ្ទៃក្នុងរបស់ចិន ដោយលោកទទូចឱ្យអាមេរិកគោរពប្រយោជន៍ស្នូលរបស់ចិន ឈប់ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង និងឈប់ពាក់ព័ន្ធជាមួយកោះតៃវ៉ាន់ដែលព្យាយាមផ្តាច់ខ្លួនពីចិននិងប្រកាសឯករាជ្យ។

បេីតាមសុន្ទរកថារបស់លោក វ៉ាង​ យី​ មុនអះអាងថា ចិនត្រៀមខ្លួនរួចជាស្រេចក្នុងការប្រាស្រ័យទាក់ទងជាមួយអាមេរិក និងព្យាយាមដោះស្រាយបញ្ហាទាំងឡាយ​នោះ​ ក៏បានគូសបញ្ជាក់ថា​៖«ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ អាមេរិកផ្តាច់ទំនាក់ទំនងទ្វេភាគីគ្រប់កម្រិតជាមួយចិន»។

សូមជម្រាបថា​ កាលពីថ្ងៃទី១១ ខែកុម្ភៈ កន្លងទៅ​ថ្មីៗ​នេះ​ ប្រធានាធិបតិចិនលោក ស៊ី ជិនភីង និងលោក​ ចូ បៃឌិន​ ប្រធានាធិបតី​អាមេរិក​ បានជួបជជែកគ្នាតាមរយៈទូរស័ព្ទ​ ដោយភាគីទាំងពីរសុទ្ធតែបង្ហាញក្ដីបារម្ភទៅវិញទៅមក។ ចំពោះការសន្ទនានេះ លោក វ៉ាង យី​ បានចាត់ទុកថា​ ជាជំហានវិជ្ជមានមួយ។

ដោយឡែក​ចំពោះ​ការលើកឡើងរបស់លោកវ៉ាង យី​ នៅថ្ងៃទី២២ ខែកុម្ភៈនេះ ធ្វើឡើងក្នុងបិរបទមួយដែលទំនាក់ទំនងអាមេរិក និងចិនដុនដាបខ្លាំងមិនធ្លាប់មាន។ ទីក្រុង​វ៉ាស៊ីនតោន និងក្រុងប៉េកាំងប៉ះទង្គិចគ្នាលើបញ្ហាជាច្រើនដូចជា៖​ ពាណិជ្ជកម្ម ការចោទប្រកាន់រឿងរំលោភសិទ្ធិជនជាតិភាគតិចវីហ្គ័រនៅតំបន់ស៊ីនជាំង បញ្ហាហុងកុង និងជម្លោះគ្រប់គ្រងសមុទ្រចិនភាគខាងត្បូង។

ចំណែក​រដ្ឋបាលលោកបៃឌិន កាលពីកន្លងទៅ​ ក៏បានបង្ហើបថា នឹងបន្តដាក់សម្ពាធលើចិន ក៏ដូចជាសសើរគោលនយោបាយរបស់លោក​ ដូណាល់​ ត្រាំ ទៅលើចិនផងដែរ។ ជាក់ស្តែង លោក​ ចូ​ បៃឌិន​ បានបង្ហាញក្តីបារម្ភចំពោះការធ្វើពាណិជ្ជកម្មបែបគំរាម និងមិនស្មើភាពរបស់ចិន។ ហេតុនេះហើយលោកស្រីJanet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បានបញ្ជាក់ពីការអនុវត្តគោលនយោបាយពាណិជ្ជកម្មដាក់ពន្ធលើទំនិញចិន ដែលដាក់ចេញដោយអតីតប្រធានាធិបតី ដូណាល់ ត្រាំ មួយរយៈទៀតសិន។

គួរបញ្ជាក់ថា​ នៅថ្ងៃដដែល​នោះ​ ឯកអគ្គរដ្ឋទូតចិនប្រចាំអាមេរិក លោក Cui Tiankai បាននិយាយថា ប្រទេសទាំងពីរចាំបាច់ត្រូវកំណត់ឲ្យបានច្បាស់ពីដែនកំណត់នៃគោលនយោបាយការបរទេសរៀងៗខ្លួន និងយល់ពីគោលបំណងយុទ្ធសាស្ត្ររបស់គ្នាទៅវិញទៅមក។ អ្នកការទូតចិនរូបនេះ​ និយាយបន្ថែមថា បញ្ហាតៃវ៉ាន់ ស៊ីជាំង និងទីបេសុទ្ធសឹងតែជាបន្ទាត់ក្រហមសម្រាប់ចិន ដែលអាមេរិកមិនត្រូវឆ្លងកាត់ជាដាច់ខាត៕ដោយ​៖ស​ តារា​

 

រូបភាព​៖​លោក វ៉ាង យី​ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន


ចែករំលែក៖