ភ្នំពេញ៖ គិតមកដល់ល្ងាចថ្ងៃទី២៥ខែកុម្ភៈនេះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទទីតាំងដែលពាក់ព័ន្ធកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឆ្នាំ២០២១ មានចំនួន៧៥ទីតាំងហើយ នៅរាជធានីភ្នំពេញ។ ជុំវិញការងារនេះលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានប្រកាសឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ពង្រឹងវិធានការគ្រប់គ្រងកន្លែងបិទទីតាំងទាំងអស់នេះឲ្យបានតឺងរុឹង និងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈចំនួនអ្នកឆ្លងមានការកើនឡើង ។
ការប្រកាសបែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញខាងលើនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំដល់អភិបាលខណ្ឌទាំង១៤ ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានម៉ឹងម៉ាត់ជុំវិញការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ ខណៈអាជ្ញាធរបានចុះបិទទីតំាងដែលមានផ្ទុះជំងឺកូវីដ-១៩ កើនឡើងដល់៧៥ទីតំាងហើយ ក្នុងរាជធានីភ្នំពេញ។
លោកបញ្ជាក់ថា៖ ក្រុមកម្លាំងសមត្ថកិច្ចចម្រុះត្រូវប្រចាំការ យាមកាមនៅទីតំាងដែលបានរកឃើញមានផ្ទុះជំងឺកូវីដ-១៩ កន្លែងព្យាបាល និងកន្លែងធ្វើចត្តាឡីស័ក ដើម្បីធានាបានសណ្តាប់ធ្នាប់ល្អ និងគ្រប់គ្រងស្ថានភាពអ្នកជំងឺបានត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់។ កិច្ចការងារនេះត្រូវតែរឹតបន្តឹង ត្រូវតែទប់ស្កាត់ រកឃើញទីតំាងណាត្រូវតែបិទទីតំាងនោះជាបណ្តោះអាសន្នឱ្យបានម៉ឹងម៉ាត់ ចំពោះអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាកងកម្លំាងប្រដាប់អាវុធដែលជាសេនាធិការ ប៉ុន្តែកន្លែងខ្លះក៏មានការប្រទាំងប្រទើសជាមួយម្ចាស់អាជីវកម្ម និងអ្នកជំងឺដែលមិនបានយោគយល់ចំពោះការទប់ស្កាត់ ។
ប៉ុន្តែទោះជាយ៉ាងនេះក្តីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យរួចហើយគឺ ជនបរទេសដែលមិនសហការត្រូវបណ្តេញចេញពីប្រទេស ហើយមិនឱ្យវិលត្រឡប់មកវិញឡើយ ជនជាតិខ្មែរត្រូវចាត់វិធានការតាមផ្លូវច្បាប់ ទីតាំងដែលធ្វើអាជីវកម្មត្រូវដកហូតអាជ្ញាប័ណ្ណ ដែលយើងមានដាវក្នុងដៃសម្រាប់ធ្វើកិច្ចការងារនេះឱ្យមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា៖ មកដល់ពេលនេះមានទីតាំងជាបន្តបន្ទាប់ទៀត ដែលអាជ្ញាធររាជធានីភ្នំពេញបាននិងកំពុងតែសហការជាមួយនឹងក្រសួងសុខាភិបាលដើម្បីឈានទៅបិទអាជីវកម្មជាបណ្តោះអាសន្នក្រោយពីបានទទួលព័ត៌មានថា ទីតាំងនោះគឺមានអ្នកឆ្លងជំងឺកូវីដ-១៩ ព្រឹត្តិការណ៍២០កុម្ភៈនេះ ខណៈគិតត្រឹមរសៀលថ្ងៃទី២៥ ខែកុម្ភៈមានអាជីវកម្មចំនួន៧៥ហើយត្រូវបានបិទជាបណ្តោះអាសន្ន។
ជាមួយគ្នានេះដែរ ចំពោះកម្លាំងមានសមត្ថកិច្ចដែលឈរជើងការពារទាំង៧៥ទីតាំងលោកអភិបាលរាជធានីភ្នំពេញក៏បានប្រកាសពីការជួយឧបត្ថម្ភផងដែរ ដើម្បីលើកទឹកចិត្តឱ្យកងកម្លាំងយើងទាំងអស់មានស្មារតីនិងកម្លាំងដើម្បីបំពេញការងារនេះទទួលបានជោគជ័យ៕ដោយ៖សំរិត