ព័ត៌មានទាន់ហេតុការណ៍៖

អ្នករាយការណ៍ព័ត៌មានរបស់ BTV News បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ « ស៊ីណូហ្វាម » ដែលជាជំនួយមនុស្សធម៌ដ៏មានតម្លៃរបស់ប្រទេសចិន

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់អោយដឹងពី Page BTV បានអោយដឹងថា, អ្នករាយការណ៍ព័ត៌មានរបស់ BTV News បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ « ស៊ីណូហ្វាម » ដែលជាជំនួយមនុស្សធម៌ដ៏មានតម្លៃរបស់ប្រទេសចិន ខណៈដែលកម្ពុជាត្រូវប្រើប្រាស់វ៉ាក់សាំងនេះសម្រាប់វិធានការការពារ និងឆ្លើយតបបន្ទាន់។

អ្នកយកព័ត៌មាន និងក្រុមការងារទាំងអស់ដែលចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តសម្រាប់ការការពារខ្លួនពីការឆ្លងកូវីដ-១៩ បានទៅទទួលវ៉ាក់សាំងចាប់តាំងពីថ្ងៃបើកយុទ្ធនាការចាក់ជូនដំបូង និងបន្តទៅចាក់ជាបន្តបន្ទាប់តាមពេលវេលាការងារជាក់ស្តែង ហើយនឹងបន្តចាក់លើកទីពីរតាមកាលបរិច្ឆេទរបស់គ្រូពេទ្យ។

ពុំមាននរណាម្នាក់មានប្រតិកម្ម ឬបញ្ហាសុខភាពអ្វីគួរអោយកត់សម្គាល់នោះឡើយ បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ-១៩ «ស៊ីណូហ្វាម»។

ទាំងអស់គ្នាពិតជារីករាយ ព្រមទាំងគោរពថ្លែងអំណរគុណជាអនេកចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់ គិតគូរពីសុខមាលភាពរបស់ក្រុមការងារព័ត៌មាន BTV និយាយដោយឡែក និងនិយាយជារួមអ្នកព័ត៌មានទាំងអស់ដែលបានរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មានយ៉ាងសកម្ម ជាពិសេសព័ត៌មានពិត ច្បាស់លាស់ស្តីពីបញ្ហាកូវីដ-១៩ នៅកម្ពុជា សំដៅផ្តល់នូវការយល់ដឹងដល់ប្រជាពលរដ្ឋទូទៅ និងបម្រើផលប្រយោជន៍សង្គមជាតិ៕

ដោយ៖ សិលា


ចែករំលែក៖