ព័ត៌មានទាន់ហេតុការណ៍៖

ខ្សាច់បាក់សង្កត់កម្មករបូមខ្សាច់ម្នាក់ស្លាប់នៅក្នុងរណ្តៅ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ កម្មករបូមខ្សាច់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីខ្សាច់បានបាក់សង្កត់លើ ក្នុងពេលដែលកម្មកររូបនេះកំពុងបូមខ្សាច់ចេញពីរណ្តៅខ្សាច់មកដាក់ខាងលើ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិល្វា ឃុំស្វាយរំពា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

លោក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែង បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វៃ សុវណ្ណ ភេទប្រុស អាយុ ១៦ឆ្នាំ ជាកម្មករស៊ីឈ្នួលបូមខ្សាច់ រស់នៅភូមិឃុំខាងលើ ។
លោកអធិការបានប្រាប់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ កម្មករប្រមាណជា៣នាក់បានចុះទៅក្នុងរណ្តៅខ្សាច់ដើម្បី រៀបចំបូមខ្សាច់មកដាក់ខាងលើ ប៉ុន្តែនៅពេលដែលកំពុងតែបូមខ្សាច់ ក៏ស្រាប់តែគំនរខ្សាច់នៅខាងលើ បានបាក់រលំចុះមកខាងក្រោមព្រឹបតែម្តង បណ្តាលឲ្យសង្កត់កម្មករ នៅក្នុងរណ្តៅខ្សាច់នោះដូចគេកប់ទាំងរស់តែម្តង។ ភ្លាមៗនោះ កម្មករផ្សេងទៀត បានជួយកាយខ្សាច់ដែលបាក់សង្កត់លើកម្មករនោះដែរ ប៉ុន្តែជួយមិនទាន់ដោយចំណាយពេលច្រើននាទីពេក ក៏បណ្តាលឲ្យជនរងគ្រោះថប់ដង្ហើមស្លាប់ដោយសារខ្សាច់សង្កត់លើតែម្តង ។
ប្រជាពលរដ្ឋបានលើកឡើងថា ការស្លាប់របស់កម្មករនាពេលនេះក៏អាចបណ្តាល មកពីការធ្វេសប្រហែសរបស់ម្ចាស់អាជីវកម្មបូមខ្សាច់ រហូតបង្កឲ្យមានគ្រោះថ្នាក់ការងារបែបនេះកើតឡើង ហើយទាំងនេះជាការទទួលខុសត្រូវរបស់ ម្ចាស់អាជីវកម្មមួយនេះទាំងស្រុង ។ គេនៅចាំមើលថា តើម្ចាស់បូមខ្សាច់មួយនេះ នឹងទទួលខុសត្រូវបែបណាចំពោះគ្រោះថ្នាក់ការងារដ៏ធំមួយនេះ ហើយសមត្ថកិច្ច និង អាជ្ញាធរ នឹងចាត់វិធានការបែបណា ព្រោះថា កម្មករដែលស្លាប់នេះគឺនៅកន្លែងបូមខ្សាច់ របស់ម្ចាស់អាជីវកម្មបូមខ្សាច់របស់ឈ្មោះ ដា រស់នៅភូមិត្អួរលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាថៅកែខ្សាច់នេះឯង ៕

ដោយ៖ ចន្ថា


ចែករំលែក៖