ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំធ្វើការឃាត់ខ្លួនបន្ទាប់ពីស្រវឹងស្រាហើយតូចចិត្តលែងលះជាមួយប្រពន្ធនិងខឹងសុំលុយម្តាយមិនបានដុតផ្ទះម្ដាយនិងផ្ទះបងស្រីបង្កើតឆេះអស់២ខ្នងទាំងស្រុងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២១ នៅចំណុចភូមិទួលច្រេស ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះម៉ឺង រក្ស័ អាយុ៣៩ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិឃុំកើតហេតុខាងលើ។
ចំណែកម្ចាស់ផ្ទះដែលឆាបឆេះអស់នោះមានឈ្មោះ គឹម រិន អាយុ៧៣ឆ្នាំត្រូវជាម្ដាយបង្កើត និងផ្ទះមួយខ្នងទៀតដែលឆេះអស់ដែរមានម្ចាស់ឈ្មោះ ពៅ សាបុល អាយុ៤៣ឆ្នាំ មុខរបរកសិករនៅភូមិទួលច្រេស ឃុំចំបក់ ស្រុកស្វាយជ្រំ។
ប្រភពបន្តថា ផ្ទះដែលអគ្គិភ័យលេបត្របាក់មានទំហំបណ្តោយ៥ម៉ែត្រនិង ទទឹង៤ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្លឹកត្នោត។ ចំណែកសម្ភារខូចខាតរួមមាន ម៉ូតូមួយគ្រឿង,កង់មួយគ្រៀង, អង្ករមួយតៅនិងរបស់របរប្រើប្រាស់សម្លៀកបំពាក់មួយចំនួនធំ ប៉ុន្តែសំណាងដែរដែលមិនមានរងគ្រោះថ្នាក់ដល់មនុស្សនិងមិនរាលដាលដល់ផ្ទះអ្នកភូមិនោះទេ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃអំពើហិង្សានេះគឺដោយសារតែជនសង្ស័យ បានលែងលះជាមួយប្រពន្ធធ្វើឱ្យខូចចិត្តដើរផឹកស្រាស្រវឹងខួបរាល់ថ្ងៃ ហើយយប់ថ្ងៃកើតហេតុខឹងសុំប្រាក់ពីម៉ែ និងបងប្អូនមិនបានយកទៅទិញស្រាផឹក ក៏បង្ហូរសាំងពីម៉ូតូ ដុតផ្ទះចោលតែម្ដង។
បច្ចប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីចាត់ការបន្តតាមច្បាប់៕
ដោយ៖ យឹម សុថាន