ភ្នំពេញ៖ សកម្មភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបន្តរៀបក្រាលការីឡានៅចិញ្ជើមផ្លូវមួយចំហៀងទៀត នៅចំណុចមុខមន្ទីរពេទ្យកុមារជាតិ (ចុងខាងលិចនៃស្ពានអាកាស៥មករា) មូលដ្ឋានសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បន្ទាប់ពីក្រាលការីឡានៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុីនៅលើចិញ្ជើមផ្លូវមួយចំហៀងរួចរាល់។
គួរំលឹកផងដែរថា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្សព្វផ្សាយ តាមសេចក្ដីជូនដំណឹង ស្ដីពីការកែលម្អសោភណភាព និងរៀបចំសណ្ដាប់ធ្នាប់នៅលើចិញ្ចើមផ្លូវសាធារណៈសងខាងតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះនរោត្ដម ដល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងគ្រប់ស្ថាប័នរដ្ឋ-ឯកជនទាំងអស់ រុះរើសំណង់ទាំងឡាយណា ដែលសាងសង់នៅលើចិញ្ចើមផ្លូវសាធារណៈចេញចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
យោងតាមសេចក្តីជូនដំណឹងដែលចុះហត្ថលេខា ដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា “បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងគ្រប់ស្ថាប័នរដ្ឋ-ឯកជនទាំងអស់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះនរោត្តម ដល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឲ្យបានជ្រាបថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញបានសង្កេតឃើញថា ចិញ្ចើមផ្លូវសាធារណៈ អមសងខាងតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះនរោត្តម ដល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានសភាពចាស់ទ្រុឌទ្រោម ដោយសារបងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មមួយចំនួនបានប្រើប្រាស់ធ្វើជាទីតាំងលក់ដូរ ធ្វើចរាចរណ៍លើការីឡា និងមួយចំនួនទៀត បានរៀបចំក្រាលការីឡា ជាលក្ខណៈឯកជន និងជួសជុល នៅពេលដែលរងការខូចខាតម្តងៗ ដោយខ្លួនឯង មិនស្របតាមបទដ្ឋានបច្ចេកទេស ធ្វើឲ្យចិញ្ចើមផ្លូវ មានកម្រិតកម្ពស់មិនស្មើគ្នា បណ្តាលឲ្យបាត់បង់ សោភណភាព ព្រមទាំងប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ” ។
សេចក្តីជូនដំណឹងដដែល បានឲ្យដឹងទៀតថា “ដើម្បីកែលម្អសោភណភាព និងរៀបចំសណ្តាប់ធ្នាប់ នៅលើចិញ្ចើមផ្លូវសាធារណៈ សងខាងតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះនរោត្តម ដល់មុខអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ឲ្យកាន់តែមានភាពទាក់ទាញ និងទិសដៅអភិវឌ្ឍន៍ រាជធានីភ្នំពេញព្រមទាំងអនុលោមតាមបទដ្ឋានបច្ចេកទេសផងនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តគម្រោងក្រាលការីឡាថ្មី ការីឡាសម្រាប់ជនពិការនៅលើចិញ្ចើមផ្លូវ រៀបចំខឿនចិញ្ចើមផ្លូវ និងខឿនស៊ុមដើមឈើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ” ៕
ដោយ៖ រ៉ារ៉ា