ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី​ឥណ្ឌូនេស៊ី៖​ ជំរុញ​ឲ្យ​ប្រជាជន​របស់ខ្លួន​ ស្រលាញ់​ផលិតផល​ក្នុងស្រុក​ ​ជាជាង​ផលិតផល​នាំចូល​ពី​បរទេស

ចែករំលែក៖

អន្តរជាតិ​៖​ ស្រប​ពេលដែល​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ ​បានដាក់​គោលដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច​៥​ភាគរយ​ ​ក្នុង​ឆ្នាំ​២០២១នេះ​ ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ បាន​ជំរុញ​ឱ្យ​ប្រជាជន​ឥណ្ឌូណេស៊ី ស្រលាញ់​ផលិតផល​ក្នុងស្រុក​ជាជាង​ផលិតផល​នាំចូល​ពី​បរទេស​។ ចំពោះការលើកឡើង​របស់លោក វី​ដូ​ដូ នៅ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១​ ក្នុង​ការជំរុញ​ផលិតផល​ក្នុងស្រុកនេះ នឹង​ជួយ​លើកកម្ពស់​សេដ្ឋកិច្ចជាតិ។

​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ​របស់​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃទី​៤ ខែមីនា ថ្មី​ៗនេះ​ បាន​ជំរុញ​ឱ្យ​រោងចក្រ​ឧស្សាហកម្ម​នានា​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក​ជាជាង​ប្រើប្រាស់​សម្ភារ​ដែល​នាំចូល​ពី​បរទេស​។ ជាមួយនឹង​វត្តមាន​ផ​លិ​ផល​ក្នុងស្រុក​បែបនេះ លោក វី​ដូ​ដូ ក៏​ប្រាប់​ឱ្យ​ប្រជាជន​ឥណ្ឌូណេស៊ី​ទាំងអស់ មាន​មោទកភាព​ចំពោះ​ផលិតផល​ក្នុងស្រុក ស្រឡាញ់​ផលិតផល​ក្នុងស្រុក​ឱ្យលើស​ផលិតផល​បរទេស​។

លោក ចូ​កូ​វី ដែលជា​ឈ្មោះ​ហៅ​ក្រៅ​របស់លោក វី​ដូ​ដូ បានលេីកឡេីងយ៉ាងដូច្នេះថា៖​ «​សូម​នាំគ្នា​ស្រលាញ់​ផលិតផល​ក្នុងស្រុក និង​ស្អប់​ផលិតផល​នាំចូល​ពី​បរទេស​។ ដូច្នេះ​ប្រជាជន​របស់​យើង​នឹង​ក្លាយជា​អ្នកគាំទ្រ​ទំនិញ​ឥណ្ឌូណេស៊ី​ដ៏​ស្មោះត្រង់​»​។ សម្រាប់​លោក ចូ​កូ​វី ប្រជាជន​ឥណ្ឌូណេស៊ី​ទាំង​ជាង​២៧០​លាន​នាក់ ជា​អតិ​ថ​ជន​ដ៏​ធំ​មួយ ហើយ​ដែល​គួរតែ​ទិញ​ផលិតផល​ក្នុងស្រុក​ឱ្យ​ច្រើន​ដែរ​។​

​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​រូបនេះ បាមចាត់ទុក​ម៉ាក​ទំនិញ​ជា​រឿង​សំខាន់ ពិសេស​ទំនិញ​ផលិត​ដោយ​ឥណ្ឌូណេស៊ី​ផ្ទាល់​។ លោក​ថែមទាំង​លើក​យោបល់​ថា ម៉ាក​ទំនិញ​ផលិត​ក្នុងស្រុក ឬ​ផលិតផល​របស់​សហគ្រាស​តូច និង​មធ្យម​នៅ​ឥណ្ឌូណេស៊ី គួរតែ​ត្រូវបាន​ដាក់តាំង​នៅតាម​ផ្សារ​ទំនើប​នៅត្រង់​ប្លង់​ល្អ ឯ​ម៉ាក​ផលិតផល​នាំចូល​ពី​បរទេស​អាចដាក់​នៅ​ខាង​កៀន​ក៏បាន​។ នេះ​បេីតាមការ​ចុះផ្សាយ​របស់​ទូរទស្សន៍ CNA។

​ទន្ទឹម​នឹង​នេះ​ លោក ចូ​កូ​វី ក៏បាន​បញ្ជាក់ថា គោលដៅ​កំណើនសេដ្ឋកិច្ច​៥​ភាគរយ ដូចដែល​បានចែង ក្នុង​គម្រោង​ថវិកាជាតិ ត្រូវតែ​សម្រេច​ឱ្យបាន​។ លោក​បន្តថា ឆ្នាំ​២០២១ នេះ ជា​ឆ្នាំ​នៃ​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​របស់​ឥណ្ឌូណេស៊ី ដែល​ត្រូវតែ​ផ្អែកលើ​ស្មារតី​សុទិដ្ឋិនិយម​។

ដោយឡែក​ចំពោះ​ការ​ស្នើឡើង​របស់លោក​ប្រធានាធិបតី​ ​ក្នុង​កិច្ចប្រជុំ​នា​ថ្ងៃទី​៤ ខែមីនា​នោះ​ដែរ​ បានបញ្ជាក់ថា​៖«​សម្រាប់​បញ្ហា​នេះ ខ្ញុំ​សូម​ស្នើ​ជាពិសេស​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់​នៃ​ក្រសួងពាណិជ្ជកម្ម សូមកុំ​ធ្វើការ​តាមតែ​បទដ្ឋាន​ធម្មតា ត្រូវតែ​មានគំនិត​បង្កើត​ថ្មី​ប្រកបដោយ​ភាព​ច្នៃប្រឌិត​»​។

​គួរបញ្ជាក់ថា អាត្រា​នាំចូល​ទំនិញ​ពី​បរទេសនៅ​ឆ្នាំ​២០២០ ​ធ្លាក់ចុះ​សរុប​០,៥​ភាគរយ រីឯ​សេដ្ឋកិច្ច​របស់​ប្រទេស​ធ្លាក់ចុះ​២,០៧​ភាគរយ ដែលជា​ការធ្លាក់ចុះ​ប្រចាំឆ្នាំ​លើកដំបូង ចាប់តាំងពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​អាស៊ី​ក្នុង​ឆ្នាំ ១៩៩៨ ។

ដោយឡែកបើតាមរដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​លោកស្រី Sri Mulyani ក៏បាន​កត់សម្គាល់ថា ការធ្លាក់ចុះ​នេះ​ស្ថិតនៅក្នុង​កម្រិត​មធ្យម​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ដទៃទៀត​៕ដោយ៖ស តារា

រូបភាព​៖ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ចុះត្រួតពិនិត្យហាងលក់ទំនិញមួយ (រូបថត៖ AFP)


ចែករំលែក៖