ខេត្តកណ្ដាល៖ ជនល្មោភកាមម្នាក់ខណៈត្រឡប់មកពីលេងបាល់វិញ ឃើញក្មេងស្រីអាយុ១២ឆ្នាំអង្គុយនោមម្នាក់ឯង ក្នុងកន្លែងស្ងាត់ក៏ធ្វើសកម្មភាពចាប់រំលោភបានសម្រេច រហូតក្មេងស្រីរងគ្រោះមានផ្ទៃពោះ២៨សប្ដាហ៍ទើបបែកការណ៍ដល់ឪពុកម្ដាយប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួននៅយប់ថ្ងៃទី៥ខែមីនាឆ្នាំ២០២១ ដែលករណីនេះបានកើតឡើងកាលពីថ្ងៃ/ខែពុំចាំ ក្នុងឆ្នាំ ២០២០ នៅចំណុចភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះមានឆ្នាំកំណើត ២០០៩ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកឪពុកម្តាយមានទីលំនៅភូមិ ព្រែកតាព្រហ្ម ឃុំ កំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល(ជនរងគ្រោះមានសតិវិបល្លាស)។
ចំណែកជនសង្ស័យ ឈ្មោះ ជួ វង្ស ភេទប្រុស ឆ្នាំកំណើត២០០២ ជនជាតិ ខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុក ពញាឮ ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា យោងតាមការបំភ្លឺរបស់ម្តាយបង្កើតរបស់ជនរងគ្រោះឈ្មោះផ.ស.វ. បានឲ្យដឹងថា នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ១២ថ្ងៃត្រង់ ប្តីរបស់គាត់ឈ្មោះ រ.រ.បានសួរមកគាត់ថា៖ ឯងកូនស្រីយើងវាឈឺអី បានជាពោះរបស់វាចេះតែធំអ៊ីចឹង? ពេលនោះរូបគាត់បានឆ្លើយថា កាលពីមុនគ្រូពេទ្យបាននិយាយប្រាប់ថា កូនយើងខ្យល់ចូលពោះរបស់វា ព្រោះពោះវៀនកូនស្រីរបស់យើងមានតទុយយោ ចាំពេលឯងបើកលុយចាំខ្ញុំយកវាទៅពិនិត្យ នៅមន្ទីរពេទ្យ ។ លុះដល់ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២១ រូបគាត់បានយកកូនស្រីទៅពិនិត្យសុខភាពនៅមន្ទីរសម្រាកព្យាបាល និងសម្ភពអរុណរះ ព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងពេលនោះលោកគ្រូពេទ្យបានប្រាប់គាត់ថា កូនស្រីរបស់គាត់មានផ្ទៃពោះចំនួន២៨សប្តាហ៍ និង០១ថ្ងៃ រួចគាត់ក៏ត្រឡប់មកផ្ទះវិញ ។ រហូតមកដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ រូបគាត់ក៏បានប្រាប់ពីលទ្ធផលដែលពិនិត្យនៅមន្ទីរពេទ្យប្រាប់ទៅប្តីថា៖ កូនយើងមានផ្ទៃពោះ បន្ទាប់មក ពួកខ្លួនទាំង០២នាក់ប្តីប្រពន្ធបានលួងលោមសួរនាំកូនស្រីថា៖ តើអ្នកណាដែលអ្នកធ្វើឲ្យកូនឯងមានផ្ទៃពោះ? ក្នុងពេលនោះកូនស្រីរបស់ខ្លួនក៏ប្រាប់ថា ឈ្មោះ វង្ស បានធ្វើរូបខ្ញុំ (រួមភេទ) ចំនួនពីរលើក ។ លុះមកដល់នៅថ្ងៃទី៥ ខែ មីនា ឆ្នាំ ២០២១ ខ្លួនបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់អុស ប្តឹងចោទប្រកាន់ទៅលើឈ្មោះ ជួ វង្ស ដែល បានចាប់រំលោភកូនស្រីរបស់ខ្លួន ។បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់អុស បានសហការជាមួយកម្លាំងផ្នែកជំនាញ ចុះស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យឈ្មោះ ជួ វង្ស មកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ ។
តាមចម្លើយរបស់ជនសង្ស័យឈ្មោះ ជួ វង្ស បានសារភាពថា៖ នៅថ្ងៃខែពុំចាំ ក្នុងឆ្នាំ២០២០ មុនបុណ្យភ្ជុំបិណ្ឌ រូបខ្លួនបានដើរត្រឡប់មកពីលេងបាល់ទះវិញ ក៏បានជួបជាមួយជនរងគ្រោះ កំពុងអង្គុយនោមនៅខាងក្រោយផ្ទះរបស់ឈ្មោះ វុន ភេទ ប្រុស អាយុប្រហែល៤០ឆ្នាំ ក្នុងឱកាស ពេលស្ងាត់នោះ ខ្លួនបានធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈទៅលើជនរងគ្រោះនៅក្បែរពាងទឹកខាងក្រោយផ្ទះឈ្មោះ វុន បានសម្រចចំនួន០១លើក ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនមកសាលាដំបូងខេត្តកណ្ដាល ចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ស្អាងជ័យ