ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះម៉ាសុីនអូប័រឆេះយ៉ាងសន្ធោសន្ធៅ រងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ យកអូប័រមកជិះលេងក្នុងទន្លេ មិនត្រួតពិនិត្យមើលម៉ាសុីន ពេលមកដល់លើទន្លេ ឡើងជិះរួចបញ្ឆេះក៏ផ្ទុះម៉ាសុីនឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យឪពុកម្តាយកូន៣នាក់ រងរបួសធ្ងន់ស្រាលបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលម៉ោង ៣រសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវត្រើយម្ខាង ត្រង់ចំណុច កន្លែងឆ្លងដរ ពីត្រើយម្ខាងទៅទីក្រុងកោះពេជ្រ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញ មនុស្សមួយក្រុម លក្ខណៈគ្រួសារ បានជិះរថយន្ត អូសអូប័រមួយគ្រឿង មកជិះលេងនៅកន្លែងឆ្លងដរ ពីត្រើយម្ខាងទៅទីក្រុងកោះពេជ្រ ខណៈពេលដាក់អូប័រ ទៅដល់លើទឹក ក៏បញ្ឆេះចោលប្រហែល៣០ នាទី បន្ទាប់មកក៏ឪពុកម្តាយកូនចំនួន៣នាក់ បានឡើងលើអូប័រ រួចដំឡើងម៉ាសុីន បម្រុងជិះទៅកណ្តាលទន្លេ ខណៈពេលកំពុងដំឡើង ម៉ាសុីនក៏បានផ្ទុះរហូតបង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ រីឯមនុស្សបានលោតទៅក្នុងទឹក កូនរងរបួសធ្ងន់ ឪពុកម្តាយរងរបួសស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកអូប័រវិញត្រូវបានភ្លើងឆាបឆេះស្ទើតែទាំងស្រុង ក្រោយពេលប្រជាពលរដ្ឋនៅកន្លែងកើតហេតុ យកទឹក និង បំពង់អគ្គិភ័យបាញ់អស់ជាច្រើនបំពង់។

ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចខណ្ឌជ្រោយចង្វា បានយករថយន្តពន្លត់អគ្គិភ័យមកដល់ចំណុចកើតហេតុចំនួន២គ្រឿង ដើម្បីអន្តរាគមន៍តែមិនបានប្រើប្រាស់ទឹកនោះទេ ដោយសារស្ថានភាពភ្លើងរលត់ទាំងស្រុងទៅហើយ នៅវេលាម៉ោង៣៖២០នាទី នាថ្ងៃខែឆ្នាំដដែល៕

ដោយ​ ៖ រ៉ារ៉ា


ចែករំលែក៖