ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីបំភ្លឺ រដ្ឋបាលស្រុកសំពៅលូន ខេត្តបាត់ដំបង ទៅនឹងគេហទំព័រហ្វេសប៊ុក (Facbook Page ) ឈ្មោះ អ៊ឹម ជីវន្ត

ចែករំលែក៖

ខេត្តបាត់ដំបង៖ រដ្ឋបាលស្រុកសំពៅលូន បានឃើញព័ត៌មាន លើបណ្តាញសង្គមគេហទំព័រហ្វេសប៊ុក (Facbook Page ) ឈ្មោះ អ៊ឹម ជីវន្ត កាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ដែលបានបង្ហោះ មានខ្លឹមសារថា មានបុរស ម្នាក់ ដែលជាប្រជាពលរដ្ឋខ្មែរ កំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កសាលាបឋម-អនុវិទ្យាល័យកូនភ្នំ៣២ ស្រុកសំពៅលូន ខេត្តបាត់ដំបង មានបញ្ហាសុខភាព (ដើររអិលដួលខ្លួនឯង ) ដោយសារតែបណ្តាលមកពីគ្រូពេទ្យ ទីនោះ មិនយកចិត្តទុកដាក់មើលថែ ពិនិត្យ ព្យាបាលពួកគាត់។ ប្រចាំការ រដ្ឋបាលស្រុកសំពៅលូន សូមធ្វើការបញ្ជាក់ដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា , កាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៨ : ៣០ នាទី នៅមណ្ឌលចត្តាឡីស័កសាលាបឋម-អនុវិទ្យាល័យកូនភ្នំ៣២ ស្រុកសំពៅលូន ខេត្តបាត់ដំបង មានបុរសម្នាក់ ដែលជាប្រជាពលរដ្ឋខ្មែរកំពុងធ្វើចត្តាឡីស័ក ដែលមានឈ្មោះ សើយ ស៊ុម ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិសុភី សង្កាត់សុភី ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានដើរដួលដោយខ្លួនឯងបណ្តាលឱ្យមានរបួសក្បាល ពិតប្រាកដមែន។ ក្រោយពេលដួលភ្លាមៗនោះ ក្រុមគ្រូពេទ្យប្រចាំការបានស្លៀកពាក់សំលៀកបំពាក់ PPE សម្ភារៈ ការពារខ្លួន ដើម្បីចូលទៅពិនិត្យស្ថានភាពរបួសរបស់គាត់ និងបានបញ្ជូនគាត់ទៅមន្ទីរពេទ្យបង្អែកសំពៅលូន ដើម្បីជួយព្យាបាលគាត់ ឱ្យទាន់ពេលវេលា។

បន្ទាប់ពីការពិនិត្យ របស់លោកគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកសំពៅលូនលើអ្នកជំងឺរួចមក លោកគ្រូពេទ្យ បានបញ្ជាក់ ថា ស្ថានភាពអ្នកជំងឺពុំមានអ្វីធ្ងន់ធ្ងរទេ។ បច្ចុប្បន្នអ្នកជំងឺត្រូវបានចេញពីមន្ទីរពេទ្យ ស្របពេល ដែលលទ្ធផលសំណាករបស់គាត់បានមកដល់ ដែលគាត់អាចវិលត្រឡប់ទៅកាន់គេហដ្ឋានរបស់គាត់វិញបាន។

ដូចនេះ ចំពោះព័ត៌មាន ដែលផ្សព្វផ្សាយថា ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង មានបញ្ហាសុខភាព ហើយថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ អាជ្ញាធរមាន សមត្ថកិច្ច មិនយកចិត្តទុកដាក់នោះ មិនមែនជាការពិតទេ។ រដ្ឋបាលស្រុកសំពៅលូន សូមធ្វើការបដិសេធទាំង ស្រុង។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ ពិសេសសាធារណជនដែលនិយម ប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក (Facebook) មេត្តាជ្រាបជាព័ត៌មាន សូមអរគុណ៕

ដោយ៖ សិលា


ចែករំលែក៖