ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ាណែត ៖ រួមគ្នាយើងអាចធ្វើបាន (:Together We Can Do It :)

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានថ្លែងនៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ថា, ក្នុងរយៈពេលតែ ៣៣ ម៉ោងប៉ុណ្ណោះយើងបានរួមគ្នាសម្រេចនូវបេសកកម្មដ៏ធំមួយ គឺការកែប្រែសណ្ឋាគារ The Great Duke (អតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់) ដែលជាសណ្ឋាគារដ៏ធំមួយនៅភ្នំពេញ ហើយដែលបានបិទទ្វារមិនដំណើរការអាជីវកម្មអស់រយៈពេលប្រមាណ ២ឆ្នាំមកហើយ ឲ្យក្លាយទៅជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលអាចព្យាបាលអ្នកជម្ងឺប្រមាណ ៥០០នាក់។

លោកថ្លែងបន្តថា, ខ្ញុំសូមអរគុណដល់បងប្អូនក្រុមការងារទាំងអស់ពីអង្គភាពកងទ័ព កងរាជអាវុធហត្ថ នគរបាលជាតិ ក្រសួងសុខាភិបាល ក្រសួងការងារ សាលារាជធានីភ្នំពេញ អគ្គិសនីកម្ពុជា(EDC) ក្រុមហ៊ុនឯកជន និងមិត្តភក្ដិទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការរៀបចំនេះ ព្រោះបើគ្មានការចូលរួមយ៉ាងសកម្មរបស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។

ខ្ញុំសូមឆ្លៀតឱកាសនេះ ធ្វើការថ្លែងអរគុណដោយស្មោះចំពោះម្ចាស់សណ្ឋាគារ The Great Duke ដែលបានអនុញ្ញាតអោយរាជរដ្ឋាភិបាលខ្ចីសណ្ឋាគារដ៏ធំមួយនេះដោយឥតគិតថ្លៃសម្រាប់ប្រើប្រាស់ជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ការដាក់ឱ្យដំណើរការទីតាំងសណ្ឋាគារនេះជាមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល គឺដើម្បីផ្តល់លទ្ធភាពដល់ក្រសួងសុខាភិបាលក្នុងការប្រមូលផ្តុំធនធានមនុស្ស, សម្ភារ, បរិក្ខារ និងបច្ចេកទេសចាំបាច់មួយចំនួន បម្រើដល់ការជួយសង្គ្រោះដល់អាយុជីវិតមនុស្សឱ្យបានទាន់ពេលវេលា និងធានាទប់ស្កាត់ការរីករាលដាលកាន់តែធ្ងន់ធ្ងរនៃជំងឺនេះនៅក្នុងសហគមន៍៕

ដោយ៖សុខ ខេមរា


ចែករំលែក៖