ភ្នំពេញ៖ រាត្រីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលខ្លាំងអំពីដំណឹងនៃការរកឃើញវិជ្ជមានកូវីដ-១៩ កើតមានឡើងលើក្រុមអ្នកសិល្បៈល្បីឈ្មោះនៅកម្ពុជា ពិសេសក្រុមសិល្បករនៃទូរទស្សន៍ និងផលិតកម្មហង្សមាស ដែលបង្កើតឲ្យមានការព្រួយបារម្ភកាន់តែខ្លាំង។ សុគន្ធ នីសា ដែលស្ថិតក្រោមការសង្ស័យថាអាចនឹងពាក់ព័ន្ធក្នុងព្រឹត្តិការណ៍នេះបានបង្ហាញសារតបទៅកាន់មហាជន និងអ្នកគាំទ្រដែលបារម្ភពីស្ថានភាពសុខភាពនាង ខណៈដែលពេលនេះនាងបាននិងកំពុងបន្តតាមដានសុខភាពនៅឡើយ។
តារាចម្រៀងរូបនេះបានលើកឡើងថា នាងអរគុណច្រើន សម្រាប់ការបារម្ភសួរសុខទុក្ខមកលើនាងនិងក្រុមគ្រួសារ ។ នាងបានបន្តថា កន្លងមកនេះនាងមិនបានជួបជាមួយអ្នកនាង ចាន់ កែវនិមលទេ ហើយក៏មិនបានធ្វើដំណើរទៅកន្លែងមុខសញ្ញាដែលមានកើតកូវីដ-១៩ ដែរ ប៉ុន្ដែជំងឺនេះវាអាចជាប់ពាក់ព័ន្ធតៗគ្នាដូចសម្លរកំពិសដូចនេះនាងនឹងបន្តសង្កេតខ្លួនឯងទៀត និងបន្តរងចាំមើលលទ្ធផល អ្នកដែលនាងជួបជាប្រយោល តៗ គ្នា ហើយយ៉ាងណាៗនាងនឹងទាក់ទងមន្ត្រីសុខាភិបាលដើម្បីតេស្តអោយប្រាកដ ។ នាងបន្តថាពេលដែលដឹងព័ត៌មានយប់មិញនេះរួចខាងផ្ទះនាងក៏បាន ហាមខ្លួនឯងនិងអ្នកផ្ទះមិនអោយចេញទៅក្រៅឡើយ ចំណែកខាងផ្ទះម្តាយនាង មិនមានការពាក់ព័ន្ធអ្វីទេ ព្រោះ នាងខកខានមិនបានចេញចូលផ្ទះម្តាយនាងប្រហែល ពីរសប្តាហ៍មកហើយ ។ ជាមួយគ្នានេះសូមទោសបងប្អូនដែលនាងមិនបានតបសារផងណា ហើយសូមជូនពរអ្នកនាង ចាន់ កែវនិមលនិងក្រុមគ្រួសារអោយឆាប់ជា សះស្បើយ ចំណែកនាងក៏ជាជនសង្ស័យ តែមិនទាន់អី ល្ងាចនេះនាងនឹងចាំដំណឹងពីគេដែរ បើអ្នកដែលនាងបានជួបដោយប្រយោលមាននាង នឹង ធ្វើតេស្ត ។ នាងថារឿងហេតុមានជាស្រេច បើសិនជាត្រូវកើត វានឹងកើត គ្មានអ្នកណាអាចហាមឃាត់បានឡើយ បើគេអោយហើយទទួលវា ទៅ ហើយនាងនឹងបន្តផ្តល់ព័ត៌មានបន្តបន្ទាប់ទៀតជុំវិញរឿងនេះ។
គួរបញ្ជាក់ដែរថា ដំណឹងនៃការភ្ញាក់ផ្អើលក្នុងចង្កោមអ្នកសិល្បៈ និងមហាជនបានកើតមានឡើងក្រោយពី ពិធីការិនីហង្សមាសអ្នកនាងចាន់ កែវ និមល និងស្វាមីលោកសូវ៉ាត សីលា និងកូនស្រីអាយុ១០ឆ្នាំបានធ្វើតេស្ដកូវីដ-១៩ រកឃើញវិជ្ជមានទាំងគ្រួសារ ដោយគាត់បានឆ្លងពីអ្នកដឹកនាំថតម្នាក់ឈ្មោះលោកទីតូ ព្រោះអំឡុងថ្ងៃទី២៧-២៨កុម្ភៈ ឆ្នាំ២០២១ គាត់បានទៅថតវីដេអូ ដើម្បីចូលរួមការពារកូវីដ-១៩ ។ កាន់តែធ្វើឲ្យមានការភ្ញាក់ផ្អើលគឺក្រោយពីតារាល្បីៗ នៅផលិតកម្មហង្សមាសអាចមានជាប់ពាក់ព័ន្ធជាមួយលោកទីតូ ច្រើននាក់ ជាក់ស្តែងដូចជា ឱក សុគន្ធកញ្ញា ,លោកណុប បាយ៉ារិទ្ធ ខណៈដែល ចាន់ កែវនិមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅសណ្ឋាគារ The Great Duke (អតីតអាំងទែរកុងទីណង់តាល់) និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួមក្នុង១បន្ទប់ ជុំប្តី និងកូននោះ៕
ដោយ៖ វឌ្ឍនា