សាលារៀន ជាថ្នាលបណ្តុះវិជ្ជាសំរាប់កូនខ្មែរគ្រប់ៗរូប ។ សាលារៀន របស់យើងភាគច្រើន មានទីតាំងឋិតនៅក្នុងវត្តអារាម និងទីប្រជុំជន នានា ។ និយាយពីសាលា របស់ខុស និងត្រូវ មានពីរខ្នង ស្មើនឹង ដប់បន្ទប់ ហើយមានសិស្សានុសិស្ស រៀនទាំងព្រឹក រៀនទាំងថ្ងៃ ។នាយខុស ជាកូនអ្នកមានលុយ គួរសម មិនសូវខ្វល់ខ្វាយពីការរៀនសូត្រប៉ុណ្មានទេ។ នាយត្រូវ ជាកូនកសិករ បានបាយព្រឹកខ្វះបាយល្ងាច ។ ត្រូវ និងខុសមានគំនិតផ្សេងៗគ្នាពីការរៀនសូត្រ តាំងពីថ្នាក់តូចដល់ថ្នាក់ខ្ពស់ ។ ត្រូវនិងខុសក៍ទទួលបានលទ្ធផលផ្សេងគ្នាដែរ ។
ពេលត្រូវ មានអាយុបាន ៥ ឆ្នាំ ឪពុកម្តាយបានយកទៅចុះឈ្មោះ ចូលរៀនថ្នាក់ម្តេយ្យ ព្រោះពួកគាត់គិតថា ត្រូវជាក្មេងឆ្លាតម្នាក់ ។ ត្រូវ ទៅដល់ សាលារៀនជាមួយលោកពុកអ្នកម៉ែ ហើយជួបជាមួយលោកនាយកសាលា ។ ត្រូវ និយាយជំរាបសំពះលោកនាយកសាលា ហើយពុកម៉ែក៍ណែនាំត្រូវអោយ គាត់ស្គាល់ ។ ក្រោយពេលនិយាយគ្នារួច ពួកគាត់ក៍នាំត្រូវ ទៅផ្ទះវិញ ដោយមិន បានប្រាប់អ្វីមួយមាត់ ដល់កូន ។ ថ្វីត្បិត ត្រូវ នៅតូចមែនតែគេមានចម្ងល់ជាប់ រហូតតាមផ្លូូវ តាំងពីផ្ទះដល់សាលា ហើយពេលត្រលប់មកវិញក៍ដូចគ្នាដែរ ។ សំនួរបន្លប់មួយដែល ត្រូវ បានឆ្ងល់គិតមិនមានចំលើយ ថែមទាំងមិនហ៊ានសួរ ពុកម៉ែ គឺថា ហេតុអ្វីទើបខ្លួនមិនអាចចូលរៀន នាឆ្នាំនេះបាន ? ឪពុកនឹកហួស ចិត្តម្តាយថ្លែងហួសនឹងស្តី ដើរបណ្តើរ គ្រវីក្បាលបណ្តើរ ឆ្លើយសំនួរកូនបណ្តើរ តាមដងផ្លួវទៅផ្ទះវិញ ។ ដោយឃើញកូនមានភាពឆ្លាតវៃ ឪពុកម្តាយបានទិញ សៀវភៅរឿងនិទានខ្លីៗ និងអត្ថបទល្អៗ សំរាប់កូនគាត់អាន ដើម្បីបង្កើនចំណេះ ដឹងថ្មីៗ ។ អាយុតិចមែន តែត្រូវ បានអានសៀវភៅអស់ជាច្រើនក្បាល ។ ដល់ អាយុ ៧ឆ្នាំ ត្រូវ ទៅសាលាចុះឈ្មោះចូលរៀនម្តងទៀត ។ នៅតាមផ្លូវទៅសាលា ត្រូវ បានជួបជាមួយខុស ដែលជាមិត្តក្នុងភូមិនឹងគ្នា ហើយក្មេងជាងត្រូវ ចំនួន ២ឆ្នាំ ។ ត្រូវឃើញ ខុសដើរតាមផ្លូវជាមួយក៍សួរថា តើខុសទៅណាហ្នឹង ? ទៅវត្តមែនទេ ? ខុសក៍ឆ្លើយថា ខ្ញុំទៅសាលារៀន ។ ខ្ញុំចូលរៀនបាន ២ថ្ងៃហើយ ចុះបងទៅណា ? ពុកខ្ញុំ និងខ្ញុំទៅសាលាចុះឈ្មោះចូលរៀន នឹងគេ ។ លឺដូច្នេះ ម្តាយខុសក៍សួរ ចុះក្រែងល្បងយកត្រូវ ទៅចុះឈ្មោះចូលរៀនកាលពីឆ្នាំមុន ? មេចក៍ទៅម្តងទៀតហើយ ? ឪពុកត្រូវ ក៍ដកដង្ហើមវែងរួចបញ្ចេញវិញ ហើយតបថា នាងអើយកាលនោះលោកនាយកសាលា គាត់ថា កូនត្រូវនូវតូច ខ្លាចរៀនមិនទាន់គេ ។ នាងអើយ តូចធំ ឆ្លាតវៃ ឬល្ងង់ខ្លៅ វាមិនសំខាន់ទេ អាការសំខាន់នោះគឺ ការយល់ចិត្តនាយក ថាគាត់ត្រូវការអ្វី ។ យើងជាគ្រួសារ ក្រីក្រល្ងិតល្ងង់ តែគេថាមេចគឺចឹងហើយ ។ ម្តាយខុសស្តាប់ហើយក៍ប្រាប់ថា ខ្ញុំមិនមានអ្វីជាលើសល្បងទេ ។ នៅថ្ងៃកូនខុសចុះឈ្មោះ កូនខុសខ្ញុំបានយក ផ្លែឈើមួយកន្រ្តកជួនលោកនាយក ហើយគាត់ក៍សរសើរថា កូនខុសនេះឆ្លាត អាចចូលរៀនបាន ។ ភ្លាមនោះនាយខុសប្រាប់នាយត្រូវថា ឃើញទេបើបងយក ផ្លែឈើអោយលោកនាយក បងរៀនថ្នាក់ទីពីរហើយពេលនេះ ។ លឺដូច្នេះ ត្រូវគិត អើយគិតរួចលាន់មាត់ តើនេះជា អំណោយ ឬជាសំណូកពុក ? កូនគិតមើល ឲ្យជ្រៅតិចមើរ ល្អទេចឹង ?ពុកតបនឹងកូន ។
នាយត្រូវ និងខុសទៅរៀនមិនដែលខានម្តងឡើយ ។ លោកគ្រូអ្នកគ្រូតែង សរសើរក្មេងទាំងពីរ មិនដាច់ពីមាត់ទេ ។ ត្រូវខំរៀនណាស់ក្នុងថ្នាក់ ឯខុសតែង រត់លេង និងឈ្លោះគ្នានៅខាងក្រៅថ្នាក់ ។ នៅពេលចេញតារាងពិន្ទុប្រចាំខែ ត្រូវជាប់ចំណាត់ថ្នាក់លេខមួយរហូត ឯខុសជួនបានទទួលលេខពីរ ជួនលេខបួន ជួនលេខក្រោមនេះផង ។ នៅចុងឆ្នាំពុកម៉ែខុសមិនសប្បាយចិត្តនឹង ខុសសោះ ព្រោះរៀនចាញ់ពិន្ទុត្រូវរហូត ។ ដល់ថ្ងៃបវេសនកាលមកដល់ ត្រូវ ទទួលរង្វាន់ និងប័ណ្ណសរសើរ ជូនឪពុកម្តាយ ។ ឪពុកម្តាយខុសមិនស្រួលចិត្តសោះ ក៍ទូន្មាន ដល់ខុសថា ឆ្នាំនេះកូនគួរខំរៀនសូត្រអោយពូកែរណា ។ ថ្វីត្បិតខុសនៅក្មេងមែន តែសំណូមពរនេះធ្ងន់ណាស់សំរាប់ខុសជាអ្នករៀន ។ ខុសក៍ព្យាយាមសន្យានឹង ពុកមែ៉អោយពួកគាត់សប្បាយចិត្ត ។ សំនួរដដែលៗ បានកើតឡើង ពេញខួរក្បាល គឺ តើខុស ខ្លូនឯគួរធ្វើយ៉ាងណា ដើម្បីជោគជ័យមួយនេះ ?
ជារៀងរាល់ថ្ងៃ គ្រប់គ្នាមកដល់សាលានាម៉ោង ៦និង៤៥ នាទី លើកលែងតែខុស និងមិត្តភ័ក្ត បួនប្រាំនាក់ទៀត ។ ពួកគេបានទទួលការអប់រំ ជាច្រើនដងមកហើយ តែហាក់មិនកែប្រែសោះ ។ នាយខុស ពេលខ្លួនកាន់តែធំ កាន់តែខូច ក្នុងថ្នាក់មិនខំរៀន មិនសូវស្តាប់គ្រូពន្យល់ ជួនស្រែកឡូឡារំខាន គេឯង ។ នាយខុសរៀនមិនសូវចេះមិនពូកែ ធ្វើម្តេចរៀនបានប្រកៀកប្រកិត នាយត្រូវ ។ នាយត្រូវ ខំរៀនសូត្រគ្រប់ពេលវេលា នៅសាលារៀននៅនឹងគ្រូ នៅផ្ទះរៀននៅនឹងសៀវភៅ ។ ពេលនាយត្រូវ ទៅទីណាមិនដែលមិនមាន សៀវភៅតាមខ្លួនឡើយ ។ ទឹកចិត្តជាអ្នករៀនសូត្រមានជាប់ជានិច្ច ក្នុងបេះដូង ។ នាយត្រូវមិនដែលប្រកាន់ពេលវេលា ទីកន្លែង ឬសៀវភៅចាស់ទេ តែងខំរៀន ជានិច្ច ។ នាយត្រូវ និងនាយខុស ថ្វីត្បិតមានលក្ខណៈមិនដូចគ្នាមែន តែលទ្ធផលនៃការសិក្សាប្រកៀកគ្នារហូត ។ ជួនកាល នាយត្រូវបានទទួល លេខមួយបីខែជាប់ៗគ្នា ឯនាយខុសបានលេខមួយម្តង ។ នាយខុស ជាក្មេង ឆ្លាតរឺ បានជាមិនរៀន តែហាក់បានលទ្ធផលល្អយ៉ាងនេះ ។ នាចុងឆ្នាំសិក្សា និមួយៗបន្តទៀត លទ្ធផលនិងអ្នកទទួលរង្វាន់ ក៍ហាក់ខុសពីមុន ព្រោះ ក្មេងឆ្លាត និងរៀនពូកែមានច្រើនណាស់ ។ តាមធម្មតា នាយខុសជាមនុស្ស
មិនឆ្លាតខាងរៀនសូត្រទេ នាយពូកែយល់ចិត្ត និងយកចិត្តគ្រូ ក៍ដូចជាឪពុក ម្តាយដែរ ។ ជារៀងរាល់ថ្ងៃបុណ្យជាតិ និងអន្តរជាតិ នាយខុសតែងមានកាដូ ជូនលោកគ្រូអ្នកគ្រូ ទុកជាការដឹងគុណ ។ តើនេះអាចនាំសិស្សានុសិស្សអោយ យល់ខុស ជាអំពើមិនល្អទេ? តើលទ្ធផលសង្គមខ្មែរទៅជាយ៉ាងណា ?
ថ្ងៃបើកបវេសនកាលមកដល់ គ្រប់គ្នាបានរៀបចំជាស្រេចសំរាប់ថ្ងៃ សិក្សានាឆ្នាំថ្មីនេះ ។ សិស្សានុសិស្សទាំងអស់ អង្គុយស្តាប់សន្ទរកថា របស់ លោកគ្រូអ្នកគ្រូ និងភ្ញៀវកិត្តិយសនានា ។ ម្នាក់ៗអង្គុយយ៉ាងស្ងៀមស្ងាត់ ។ ភ្លាមនោះពិធីករ អញ្ជើញយុវសិស្សគំរូ ឡើងអានសន្ទរកថា ស្វាគមន៍ឆ្នាំសិក្សាថ្មី អរគុណលោកគ្រូអ្នកគ្រូ ការប្តេជ្ញាចិត្តក្នុងការរៀនសូត្រ ការសន្យាធ្វើជាយុវជនគំរូ ដើម្បីបានក្លាយជាទំពាំងស្នងឬស្សី និងសសរទ្រូងជាតិនាថ្ងៃអនាគត ។ ឈ្មោះ នាយខុស បានបន្លឺឡើងយ៉ាងកងរំពង ដែលអោយម្នាក់ៗ ខកចិត្តជាខ្លាំង ហើយ ស្នូរទះដៃក៍ខ្សោយទៅៗ ។ ម្នាក់ៗគិតថា នាយត្រូវនឹងក្លាយជាសិស្សគំរូនាថ្ងៃ នោះ តែអ្វីៗហាក់មិនយុត្តិធម៌សោះ ។ រង្វាន់សិស្សពូកែលេខមួយក៍បានទៅ នាយខុស ឯនាយត្រូវបែជាបានទទួលលេខពីរ ទៅវិញ ។ ឪពុកនាយខុស ហាក់មិនពេញចិត្តសោះ ក៍ក្រវីក្បាលញញឹមទទួល ឯម្តាយវិញនិយាយ លួងលោមថា ណ្ហើយកូនយើងខំរៀនណាស់តែមិនឈ្នះគេ ។ ប្រហែលជា នាយខុស គាត់រៀនចេះជាងកូនយើងថាបានដែរ ។ ឪពុកម្តាយនាយខុសរមភើប ជាខ្លាំង ព្រមទទួលនូវលទ្ធផល ជាទីពេញចិត្តនេះ ។
ទោះជាលទ្ធផលមានបែប នេះក្តីក៍ម្នាក់ៗ នៅតែតាំងចិត្តរៀនសូត្រអោយ បានច្រើនជាងមុន ។ ទោះបើនាយត្រូវ គិតថាមិនយុត្តិធម៌សំរាប់ខ្លួន នាយនៅតែ យល់ថា នាយខុសគួរទទួលបានលទ្ធផលនេះ ។ នាយត្រូវ គិតសំឡឹងទៅថ្ងៃ ដ៏ភ្លឺស្វាងនាថ្ងៃអនាគតជាមួយចំណេះដឹង និងភាពឆ្លាតវៃរបស់ខ្លួន ។ ឯនាយខុស ពេលបានទទួលនូវកិត្តិយសនេះ ក៍ហាក់មិនសប្បាយចិត្តដែរ ព្រោះមិនមែនជាលទ្ធភាពពិតរបស់ខ្លួន ។ ការដែលនាយខុស បានជូនជាកាដូ សំរាប់លោកគ្រូអ្នកគ្រូ គឺក្នុងន័យទឹកចិត្តល្អសងគុណ ពួកគាត់ដែលជា មាតាបិតាទីពីនៃយើង ។ មិនបានគិតថា នឹងក្លាយជាសំនូក ដែលសង្គមខ្មែរ ខិតខំព្យាយាមលប់បំបាត់សោះ ។ វិប្បដិសារីមួយនេះ បានអោបជាប់ ជានិច្ច ក្នុងបេះដូងនាយខុស ។ នាយខុសក៍បានប្តេជ្ញា កែខ្លួនជាថ្មី ហើយចាប់ដៃជាមួយ មិត្តផ្សេងទៀតខំប្រឹងសិក្សារៀនសូត្រតទៅ ៕
ស្រាវជ្រាវពីស្នាដៃ និពន្ធរបស់វេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរដោយ៖ ចៅតាជេត