ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនអ្នកឆ្លងនិងស្លាប់ដោយកូវីដ១៩ នៅទូទាំងពិភពលោកថយចុះខ្លាំង

ចែករំលែក៖

ក្នុងរយៈពេល២៤ម៉ោង កន្លងមក នៅទូទាំងពិភពលោក មានករណីឆ្លងកូវីដ ១៩ សរុប ជាង ៣៦០ ពាន់នាក់ និងស្លាប់ជាង ៥៧០០នាក់ គឺថយចុះខ្លាំង បើប្រៀបធៀបនិងរបាយករណ៍នៅថ្ងៃទី ១៤ខែមីនា មានអ្នកឆ្លងដល់ទៅ ៤៣០ ពាន់នាក់ និងស្លាប់ដល់ទៅ៧៨០០នាក់។
តាមតួលេខរបស់អង្គការ Worldometers គិតត្រឹមម៉ោង១១ ថ្ងៃទី ១៥ខែមីនា នៅទូទាំងពិភពលោក មានករណីឆ្លងកូវីដ១៩ ជាង ១២០,៤១ លាននាក់ និងជាសះស្បើយ ៩៦,៩៦លាននាក់ ចំណែកអ្នកស្លាប់វិញ ក៏បានកើនឡើងដល់ ២,៦៦លាននាក់។
ប្រទេសដែលមានករណីឆ្លងច្រើនជាងគេ គឺអាមេរិកដដែល ដោយមានអ្នកឆ្លងរហូតដល់ទៅ ជាង៣០ លាននាក់ហើយ ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក អាមេរិក មានកណីរឆ្លង ៣៦ពាន់នាក់ និងស្លាប់៦២០ នាក់ ។
ប្រេស៊ីល និងឥណ្ឌា ឈរលំដាប់ទីពីរ និងទីបី ពីចំនួនអ្នកឆ្លង ដោយប្រស៊ីលមានអ្នកឆ្លងជាង១១,៤៨ លាននាក់ ឥណ្ឌា មានអ្នកឆ្លង១១,៣៨ លាននាក់ ។ លំដាប់ទី៤ គឺអង់គ្លេសមានអ្នកឆ្លង ៤,៣៩ លាននាក់ និងរុស្ស៊ីឈរលំដាប់ទី៥ មានអ្នកឆ្លង ៤,២៥ លាននាក់ ។
ចំណែកតំបន់ដែលមានករណីឆ្លងច្រើនជាងគេ គឺអឺរ៉ុប មានអ្នកឆ្លង ៣៦,១២លាននាក់ និងស្លាប់ ជាង ៨៥៤ពាន់នាក់ ។ បន្ទាប់មកគឺតំបន់អាមេរិក មានអ្នកឆ្លង ៣៤,៥១ លាននាក់ និងស្លាប់ជាង៧៩០ ពាន់នាក់ ។
ចំណែកនៅក្នុងតំបន់អាស៊ានវិញ ឥណ្ឌូនេស៊ីជាប្រទេសមានករណីឆ្លងច្រើនជាងគេ ដោយមានអ្នកឆ្លងកើនឡើងដល់ទៅជាង ១,៤២លាននាក់ ។ ក្នុងរយពេល២៤ម៉ោងកន្លងមក មានអ្នកឆ្លងជាង ៤៧០០នាក់ ។
ប្រទេសជុំវិញពិភពលោកបានបង្កើនល្បឿនចាក់វ៉ាក់សាំង ប្រឆាំងកូវីដ ១៩ ទាំងនោះហើយធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ ១៩ ធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ។ ពិភពលោកសង្ឃឹមថា នឹងគ្រប់គ្រងបានការឆ្លង ហើយបើកដំណើរការសេដ្ឋកិច្ចទាំងស្រុងឡើងវិញ៕

ដោយ៖ធីរីណា (រូបភាព៖ Reuters)


ចែករំលែក៖