ខេត្តបាត់ដំបង ៖ អ្នកគ្រូស្រស់ស្អាតមានវ័យ២៦ឆ្នាំម្នាក់មិនត្រូវបានគេដឹងពីមូលហេតុដែលនាំឲ្យគាត់សម្រេចធ្វើអត្តឃាតដោយផឹកទឹកថ្នាំបាញ់ស្មៅ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៥ មីនា២០២១ នៅភូមិកណ្ដាល ឃុំអូរដា ស្រុកកំរៀង នោះទេ។
សមត្ថសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យាន សុខអាន អាយុ២៦ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។
អ្នកគ្រូរូបនេះបានផឹកថ្នាំបាញ់ស្មៅម៉ាក«កាំម៉ូសូន» ដោយគ្មាននរណាបានដឹងពីមូលហេតុនោះទេ។ ក្រោយមកក្រុមគ្រួសារបានដឹងពីទង្វើនេះក៏ផ្អើលឆោឡោ ខណ:នាងប្រកាច់បែបពពុះមាត់។ មន្រ្តីដដែលបានឲ្យដឹងទៀតថា ភ្លាមៗនោះ ក្រុមគ្រួសារបាននាំគ្នាដឹកនាងទៅកាន់មន្ទីរពេទ្យបង្អែកខេត្តទាំងយប់ តែនាងបានស្លាប់មុនពេលទៅដល់បន្តិច ដោយសារតែនាងផឹកទឹកថ្នាំសម្រាប់បាញ់ស្មៅនោះច្រើនពេក។
ក្រុមគ្រួសារស្រែកទ្រហោរយំសោកស្តាយដោយមិនបានដឹងអំពីមូលហេតុ ដែលនាំឱ្យអ្នកគ្រូ សុខអាន សម្រេចបញ្ចប់ជីវិតខ្លួនទាំងវ័យក្មេងបែបនេះទេ។ យ៉ាងណាសមត្ថកិច្ចដែលបានចុះទៅកាន់ទីនោះបានស្រង់ចម្លើយខ្លះៗពីសាក្សីនានាថា ការសម្រេចបញ្ចប់ជីវិតខ្លួនឯងរបស់អ្នកគ្រូ យាន សុខអាន ទំនងអាចបណ្ដាលមកពីមាន«វិបត្តិក្នុងគ្រួសារ»តែគេមិនបានលម្អិតអំពីវិបត្តិធ្ងន់ធ្ងរបែបណានោះទេ ទើបនាងសម្រេចចិត្តធ្វើអត្តឃាតបែបនេះ៕
ដោយ៖ ប្រាថ្នា