ភ្នំពេញ ៖ កម្លាំងល្បាតនៃកងអន្តរាគមន៍ខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យម្នាក់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងទំពុន១ ដេីម្បីចាត់ការតាមច្បាប់ បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពលួចយកកន្ទុយរុឺម៉កប្រជាពលរដ្ឋបានសម្រេចរួចមក ។
ការឃាត់ខ្លួនជនសង្ស័យខាងលេីបានធ្វេីឡេីងកាលពីវេលាម៉ោង១២ និង៥០នាទីថ្ងៃ២៩ ខែមីនាឆ្នាំ២០២១នៅចំណុចរោងទឹកត្នោតជូរ ផ្លូវបេតុង ភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សុខ ហេង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះមានឈ្មោះ ឆោម ទៀន អាយុ៤៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។
បេីតាមសម្ដីម្ចាស់រ៉ឺម៉កបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៦ព្រឹកគាត់បានអូសម៉ូតូរុឺម៉កយកមកដាក់អែបរបងនៅមុខផ្ទះក្នុងភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ និងបានចាក់សោម៉ូតូរុឺម៉កត្រឹមត្រូវដូចសព្វដង លុះមួយសន្ទុះក្រោយមកស្រាប់តែបាត់កន្ទុយរុឺម៉កគាត់ក៏បាននាំប្រពន្ធនិងកូនដើរស្វែងរកកន្ទុយរុឺម៉កគ្រប់ច្រកល្ហក រហូតដល់វេលាម៉ោងកើតហេតុគាត់ក៏បានប្រទះឃើញកន្ទុយរុឺម៉ករបស់គាត់ចតនៅក្នុងរោងទឹកត្នោតជូរមួយកន្លែងក្នុងភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ រួចគាត់ក៏បានចូលទៅដល់រោងទឹកត្នោតជូរស្រាប់តែជនសង្ស័យឃើញក៏រត់ឡើងជិះម៉ូតូបំណងនឹងគេចខ្លួន ទេីបគាត់ស្រែកឆោឡោថាចោរៗបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងស្របពេលកម្លាំងនគរបាលប៉ុស្តិ៍ដង្កោកំពុងធ្វើការល្បាត ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលេីបានភ្លាមៗយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល
ដង្កោ។
ពេលសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលដង្កោ ធ្វើការសាកសួរ ជនសង្ស័យខាងលេីបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកកន្ទុយរុឺម៉ករបស់ប្រជាពលរដ្ឋនៅសង្កាត់បឹងទំពុន១ ពិតប្រាកដមែនដោយសាររូបគេអត់លុយចាយចូលឆ្នាំ។
ក្រោយពីសាកសួររួចរាល់ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលដង្កោ ក៏បានធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបឹងទំពុនទី១ ដើម្បីមកយកសង្ស័យរូបនេះយកទៅចាត់បន្តតាមនីតិវិធី ព្រោះករណីនេះបានកើតឡើងនៅក្នុងភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ៕
ដោយ៖ ភារ៉ា ដង្កោ