ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងទាហានមីយ៉ាន់ម៉ាប្រកាសឈប់បាញ់ជាមួយក្រុមប្រដាប់អាវុធ

ចែករំលែក៖

កម្លាំងទាហានមីយ៉ាន់ម៉ា បានប្រកាសបទឈប់បាញ់ជាមួយក្រុមប្រដាប់អាវុធមួយចំនួននៅក្នុងប្រទេសនេះរយៈពេល១ខែ ។
សារព័ត៌មាន Chanel News Asia បានផ្សាយថា កម្លាំងទាហានមីយ៉ាន់ម៉ានៅថ្ងៃទី៣១ខែមីនា បានប្រកាសបទឈប់បាញ់ជាឯកតោភាគីរយៈពេល១ខែ។ ការប្រកាសខាងលើ ក្រោយពេល មានករណីបាញ់ប្រហារគ្នារវាងកម្លាំងទាហានជនជាតិភាគតិចនឹងទាហានរដ្ឋាភិបាល នៅតំបន់ជាប់ព្រំដែន។
នៅក្នុងប្រទេសមីយ៉ាន់ម៉ា មានក្រុមប្រដាប់អាវុធជាង១០ក្រុមនៅក្នុងប្រទេសនេះ ធ្លាប់ធ្វើសង្គ្រាមជាមួយទាហានរដ្ឋាភិបាល ដើម្បីស្វែងរកការគ្រប់គ្រងដោយស្វ័យភាព។ ក្រុមទាហានជនជាតិភាគតិចក៏បានព្រមព្រៀងសន្តិភាពជាមួយរដ្ឋាភិបាលប្រជាធិបតេយ្យ ។
កន្លងមក ក្រុមទាហានជនជាតិភាគតិចបានដាក់គំនាបទៅលើកម្លាំងទាហានដែលដឹកនាំរដ្ឋាភិបាលមីយ៉ាន់ម៉ា ក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ។ ក្រុមប្រឆាំងបានអំពាវនាវដល់ពលរដ្ឋឈប់ធ្វើការទាំងនៅក្នុងស្ថាប័នរដ្ឋ និងឯកជន ដើម្បីបិទសេដ្ឋកិច្ចរដ្ឋាភិបាលយោធា។
ក្រុមតំណាងរាស្ត្រដែលទទួលបានការបោះឆ្នោតគាំទ្រពីពលរដ្ឋ បានសហការជាមួយកម្លាំងប្រដាប់អាវុធក្រុមជនជាតិភាគតិចដាក់គំនាបលើរដ្ឋាភិបាលយោធា ។ ក្រុមជនជាតិភាគតិចកំពុងតែអំពាវនាវឲ្យរួបរួមគ្នាដើម្បីទប់ទល់ជាមួយទាហានរដ្ឋាភិបាល ។
កន្លងមក ក្រុមតំណាងរាស្ត្របានឡើងគម្រោងបង្កើតរដ្ឋាភិបាលស្រមោលដោយសហការជាមួយក្រុមទាហានជនជាតិភាគតិច ប្រឆាំងរដ្ឋាភិបាលយោធា។ សកម្មភាពទាំងនោះបង្កក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាមស៊ីវិល កើតឡើងនៅក្នុងប្រទេសនេះ៕

ដោយ ៖ ធីរីណា(រូបភាព៖AP/CNA)


ចែករំលែក៖